ដោយ: ភ្នំសន្ទុក / កំពង់ធំ: លោកម៉ាក់ប៊ុនហុងអភិបាលក្រុងស្ទឹងសែន កែវភ្នែកមនុស្សយើងគ្រប់រូប គឺមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួសរាន់មកទទួលការព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យសមាគមន៍ចក្ខុ សហការជាមួយធនាគារ PPC Bank។
ការឱ្យដឹងនេះនាឱកាស ក្រុមហ៊ុនធនាគារ PPC Bank សហការជាមួយនឹង អាជ្ញាធរ និងសមាគមចក្ខុ នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ នៅបរិវេណសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកម៉ាក់ ប៊ុនហុងបានបន្តទៀតថា “ការ អភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាជំរុញយ៉ាងសំខាន់សម្រាប់ការរីកចម្រើន របស់ប្រទេសជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណធនាគារ PPCBank មូលនិធិចក្ខុខ្មែរ និង បុគ្គលិក ស្ម័គ្រចិត្តទាំងអស់សម្រាប់ការចុះពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនប្រជាជន ដែលមានជីវភាពខ្វះខាតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលស្របនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុង ការធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។
លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែងបានអោយដឹងថា ភាគច្រើនមនុស្សចាស់ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ឬជួនកាលអាចមានអាយុតិចជាងនេះ ពួកគាត់ជួប នូវបញ្ហាពាក់ព័ន្ធជាមួយភ្នែក ដូចជាមើលមិនច្បាស់ ភ្នែកក្រហម ឬភ្នែកឡើងបាយជាដើម ដែលអាចប្រឈមនឹងភាពពិការភ្នែក ប្រសិនបើពួកគាត់មិនទទួលបានការព្យាបាលឲ្យ បានទាន់ពេលវេលា និងត្រឹមត្រូវពីគ្រូពេទ្យជំនាញ។
ការពិនិត្យភ្នែកនៅថ្ងៃនេះ គឺគ្រាន់តែជាការពិនិត្យបឋមប៉ុណ្ណោះ ដើម្បីវិនិច្ឆ័យថាតើ បងប្អូនណាខ្លះត្រូវទទួលការព្យាបាល និងថែទាំភ្នែកដោយការប្រើថ្នាំបន្តក់ភ្នែក ឬពាក់ វ៉ែនតាជាជំនួយភ្នែក។
លោក ញ៉ក់ គឹមស្រូយបាន បន្ថែមថា ចំពោះបងប្អូនដែលពិនិត្យហើយឃើញថាមានបញ្ហាភ្នែកធ្ងន់ធ្ងរ និងតម្រូវឲ្យមានការ ព្យាបាលដោយការវះកាត់នោះ យើងនឹងបញ្ជូន អ៊ំ ពូ មីង មកធ្វើការវះកាត់នៅទីក្រុងភ្នំពេញ ដោយរាល់ការចំណាយរបស់បងប្អូន គឺធនាគារយើងខ្ញុំជាអ្នករ៉ាប់រងទាំងអស់។ សម្រាប់ការវះកាត់នេះ គឺត្រូវបានរៀបចំដោយវេជ្ជបណ្ឌិតជំនាញច្បាស់លាស់ ដែលបាន ធ្វើការស្ម័គ្រចិត្តមកពីមូលនិធិចក្ខុខ្មែរ៕