ដោយ​: សុ​ក្ខា​រិ​ន / ខេត្តពោធិសាត់​: ស្របតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ជនរួមជាតិ​ស្តីអំពី «​បឹង​ទន្លេសាប​» នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បាន​បើក​កិច្ចប្រជុំ​“​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​២ និង​តំបន់​៣ ជូន​ប្រជាពលរដ្ឋ​” ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ លោក អិត សេដ្ឋា រដ្ឋលេខាធិកា​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង លោក ជាវ តា​យ អភិបាលខេត្ត​ពោធិ៍សាត់ និង​ដោយមាន​ការចូលរួម​ពី​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​-​និង​ស្រុក​ទាំង​៣ ដែល​នៅជាប់​បឹង​ទន្លេសាប​។

​កិច្ចប្រជុំ​នោះ​មាន​គោលបំណង​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​រៀបចំ​ជា​របាយការណ៍ និង​ទិន្នន័យ​លម្អិត ជាក់លាក់ ពី​ចំនួន​ផ្ទៃដី​ទីតាំង​ដែល​ពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍ អាស្រ័យ​ផល​រាប់សិប​ឆ្នាំ​មកហើយ ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​យ៉ាងតិច​បំផុត​១០​ឆ្នាំ ឬ​ដី​ដែល​មិនមែនជា​ដី​លិច​ទឹក នៅក្នុង​តំបន់​២ និង​តំបន់​៣ ដែល​ត្រូវ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ដើម្បី​ដាក់ជូន​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ពិនិត្យ​។

​បើតាម​របាយកាណ៍​បឋម​ពី​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី ខេត្តពោធិ៍សាត់ បាន​បង្ហាញថា សំណើរ​សុំ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អចិន្ត្រៃយ៍ និង​អាស្រ័យ​ផល​ក្នុង​តំបន់​៣​មុន​ឆ្នាំ​២០១២ ស្របតាម​របាយ​វាស់វែង​ជាក់ស្តែង សរុប​មាន​ចំនួន ៣​ពាន់​៤​រយ និង​៤៨,៧៧ ហិច​តា ស្មើរ​និង​១៣៩៩ ក្បាលដី មាន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ចំនួន​១៦៥៨​គ្រួសារ គ្របដណ្តប់​ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​ក្រគរ​មាន​៤​ឃុំ ស្រុក​កណ្តៀង​មាន​៤​ឃុំ និង​ស្រុក​បាកាន​មាន​៣៕​