ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool លោក ជួ​ហ្គិន ក្លប់ (Jurgen Klopp) បាន​គាំទ្រ​ការសម្រេចចិត្ត​របស់ UEFA ក្នុង​ការលើក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពី​រុស្ស៊ី​ទៅកាន់​ប្រទេស​បារាំង ហើយ​បាន​ផ្ញើ​សារ​គាំទ្រ​ដល់​អ៊ុយ​ក្រែន​នៅ​មុន​ព្រឹតិ្តការណ៍​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដើមឡើយ​គ្រោង​នឹង​លេង​នៅ​កីឡដ្ឋាន Gazprom Arena ក្នុង​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក ប្រទេស​រុស្ស៊ី​ប៉ុន្តែ​ត្រូវបាន​ប្តូរ​មក​កីឡដ្ឋាន Stade de France​បន្ទាប់​ពី​ការ​លុក​​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាលពី​ខែ​កុម្ភៈ​។​

​លោក​ក្លប់​មាន​អារម្មណ៍​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ក្នុង​ការផ្លាស់ប្តូរ​ទីកន្លែង​ប្រកួត ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន​។​

​លោក​ក្លប់​បាន​និយាយ​នៅក្នុង​សន្និសីទ​មុន​ការប្រកួត​របស់គាត់​កាលពី​ថ្ងៃ​សុក្រ ភ្លាមៗ​បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​ប៉ារីស​សម្រាប់​ការ​ប៉ះ​ជាមួយ​នឹង Real Madrid យ៉ាង​ដូច្នេះ​ថា​”​ខ្ញុំ​សប្បាយចិត្ត​ដែល​​ការប្រកួត​ស្ថិត​នៅ​ទីនេះ​សម្រាប់​ហេតុផល​រាប់ពាន់​”​។​

“​សង្គ្រាម​នៅ​តែ​បន្ត ហើយ​យើង​ត្រូវ​តែ​គិត​អំពី​វា​។ ការប្រកួត​នៅតែ​កើតឡើង ហើយ​មិនមែន​នៅ​សេន​ភី​ត​ធឺ​ស្បឺក​គឺជា​សារ​ដ៏ត្រឹមត្រូវ​។ យើង​លេង​ការប្រកួត​នេះ​សម្រាប់​ប្រជាជន​អ៊ុ​យក្រែន​”​។​

Liverpool នឹង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​គោលបំណង​យក​ពានរង្វាន់​អឺរ៉ុប​លើក​ទី​ប្រាំពីរ​របស់​ពួកគេ ខណៈ​ពួកគេ​សម្លឹង​បិទ​យុទ្ធនាការ​ដ៏​អស្ចារ្យ ក្រោយ​ឈ្នះ​ទាំង​ពានរង្វាន់ Carabao Cup និង FA Cup ៕

លោក​ក្លប់​គាំទ្រ​ការសម្រេចចិត្ត​របស់ UEFA ក្នុង​ការលើក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពី​រុស្ស៊ី​ទៅកាន់​ប្រទេស​បារាំង