ដោយៈ ប.ខុន / ភ្នំពេញៈ បរិមាណទឹកភ្លៀង ធ្លាក់លើគ្រប់រាជធានី ខេត្ត រយៈពេល ២៤ ម៉ោង គិតត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភា មានកម្រិតពីមធ្យម ទៅច្រើន ដូចជានៅខេត្តកំពត ព្រះសីហនុ និងខេត្តក្រចេះ មានភ្លៀងធ្លាក់ លើសពីកម្រិត ១០០ មីលីម៉ែត្រ ជាមួយនឹងខ្យល់ បក់បោកខ្លាំង ហើយការធ្លាក់ភ្លៀងបែបនេះ នៅបន្តកើតមានច្រើនថ្ងៃទៀត។
លោក ហេង សោភ័រិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ថា: ភ្លៀងរាំងៗ នៅខេត្តព្រះសីហនុ ក្នុងបរិមាណច្រើន មានតែនៅតាមស្រុក ដល់កម្រិត ១០៥ មីលីម៉ែត្រ ត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភា នៅក្រុងព្រះសីហនុ មានភ្លៀងតិច តែមានភ្លៀងបន្តរហូត។ នៅលើផ្ទៃសមុទ្រ មានខ្យល់ខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ លំនៅដ្ឋានពលរដ្ឋមួយចំនួននៅឃុំទឹកថ្លា។
នៅមុនពេលភ្លៀងធ្លាក់ នៅលើខេត្តជាច្រើន កាលពីល្ងាច ថ្ងៃទី២៧ ខែឧសភា នេះ មានខ្យល់បក់បោកខ្លាំងបណ្តាលឱ្យប៉ះពាល់ដល់លំនៅ ដ្ឋានរបស់ប្រជា ពលរដ្ឋចំនួន២៣ ខ្នង នៅក្នុងខេត្តឧត្តរមានជ័យ កណ្តាល និងខេត្តព្រៃវែង ជាមួយគ្នានេះ មានដើមឈើជាច្រើនដើមនៅក្នុងក្រុងភ្នំពេញ បានរលំដួល និងសង្កត់លើរថយន្ត។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភាថា: ព្រះរាជាណាកម្ពុជា នៅក្នុងសប្តាហ៍នេះទទួលឥទ្ធិពលពី ប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតី កម្រិតមធ្យម បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សា និង សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ បណ្តារាជធានី ខេត្តនានា អាចមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ និង សីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៦ ទៅ ២៩ ខែឧសភា ។
របាយទឹកភ្លៀងដែលបានធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភា នៅរាជធានីភ្នំពេញមាន កម្រិតពីតិច ១៥ ដល់ ៥៣ មីលីម៉ែត្រ, ខេត្តកោះកុងមាន កម្រិតពី តិចដល់ ៤៩ មីលីម៉ែត្រ, ខេត្តកំពង់ធំមានកម្រិតពីតិចដល់ ៤៨ មីលីម៉ែត្រ, ខេត្តក្រចេះមានកម្រិតពី ២១ ដល់ ១២០ មីលីម៉ែត្រ, ខេត្តស្ទឹងត្រែង មានកម្រិតពី ៨ ដល់ ៥៨ មីលីមីម៉ែត្រ, ខេត្តសៀមរាប មានកម្រិតពី ១២ ដល់ ៤៣ មីលីម៉ែត្រ, ខេត្តរតនគិរី មានកម្រិតពី ៤ ដល់ ៤៩ មីលីម៉ែត្រ, ខេត្តកំពង់ឆ្នាំង មានកម្រិតពី ៣ ដល់ ៤៥ មីលីម៉ែត្រ, ខេត្តកណ្តាល មានកម្រិតពី ៣ ដល់ ៨០ មីលីម៉ែត្រ, ខេត្តស្វាយរៀង មានកម្រិតពី ១៣ ដល់ ៥៤ មីលីម៉ែត្រ, ខេត្តព្រះសីហនុ មានកម្រិតពីតិច ដល់ ១០៥ មីលីម៉ែត្រ, ខេត្តបាត់ដំបង មានកម្រិតពីតិច ដល់ ១២ មីលីម៉ែត្រ, ខេត្តមណ្ឌលគិរី មានកម្រិតពី ១០ ដល់ ២៦ មីលីម៉ែត្រ, ខេត្តព្រៃវែង មានកម្រិតពី ១៣ ដល់ ៧៣ មីលីម៉ែត្រ, ខេត្តបន្ទាយមានជ័យ មានកម្រិតពី តិចដល់ ២១ មីលីម៉ែត្រ, ខេត្តកំពង់ស្ពឺ មានកម្រិត ពីតិចដល់ ១៤ មីលីម៉ែត្រ, ខេត្តពោធិសាត់ មានកម្រិតពីតិចដល់ ១៨ មីលីម៉ែត្រ, ខេត្តកំពត មានភ្លៀង កម្រិតពីតិចដល់ ១២២ មីលីម៉ែត្រ, ខេត្តកែប មានកម្រិតពី ១២ ដល់ ៣២ មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំ មានភ្លៀងកម្រិតពី ២៤ ដល់ ៧៦ មីលីម៉ែត្រ, ខេត្តតាកែវ មានភ្លៀងកម្រិតពី ១៦ ដល់ ២១ មីលីម៉ែត្រ, ខេត្តឧត្តរមានជ័យ មានភ្លៀង កម្រិតពីតិចដល់ ៥៧ មីលីម៉ែត្រ និងខេត្តកំពង់ចាម មានភ្លៀងកម្រិតពី ១៤ ដល់ ៩៩ មីលីម៉ែត្រ៕/V-PC