ដោយៈសុផល/ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានប្រមាណ ៤០% និងម៉ូតូ ៧០% នៅឆ្នាំ ២០៥០ ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា។

នៅក្នុងកម្មវិធី MPWT Live Show របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖ ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោ បាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០។

ទាក់ទងនឹងយានយន្តអគ្គិសនីនេះ  លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ក្រសួងបានជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកអគ្គរដ្ឋទូតអង់គ្លេស លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីពិភាក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។  

លោកបានបន្តថា៖ក្រសួងក៏បានសហការជាមួយមន្ទីរពិសោធន៍ថាមពល (Energy Lab) និងGIZ ដើម្បីផ្សព្វផ្សាយបន្ថែមនិង បានរៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ បានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្ក ឱ្យមនុស្សស្លាប់ជាមធ្យមពី៤នាក់ទៅ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និង ថវិការហូតទៅដល់៣០០ ទៅ៤៥០ លានដុល្លាក្នុងមួយឆ្នាំ។

រថយន្តអគ្គិសនីដែលចុះបញ្ជីនៅក្រសួងសាធារណការបានកើនឡើងដល់ ១៤៨ គ្រឿង។ បើគិតត្រឹម ៥ ខែដើមឆ្នាំ ២០២២ មានរថយន្តអគ្គិសនី ៨៤ គ្រឿង បានទៅចុះបញ្ជីបើប្រៀបធៀបនៅឆ្នាំ២០២១ មានតែ ៩ គ្រឿង។ ចំនួននេះមានការកើនឡើងជាង ៨០០ ភាគរយ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន៕/PC