​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កោះ​សា​ម៉ៅ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​ឧសភា​ដោយ​សន្យា​នូវ “​កិច្ចសហប្រតិបត្តិការ​កាន់តែ​ធំ​ជាង​មុន​”​ខណៈ​រដ្ឋ​​មន្ត្រី​ការបរទេស​របស់​ទីក្រុង​ប៉េកាំង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង ដែល​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ក្នុងចំណោម​សម្ពន្ធមិត្ត​លោកខាងលិច​។​

​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​មិន​ច្បាស់​ទេ​នៅ​ពាក់កណ្តាល​នៃ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​ប្រាំបី​របស់​គណៈប្រតិភូ​ចិន​ប៉ុន្តែ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​លេច​ធ្លាយ​ដែល​បាន​ផ្ញើ​ទៅកាន់​បណ្តា​​ប្រទេស​ប៉ាស៊ីហ្វិក​ជាច្រើន​បាន​គូសបញ្ជាក់​អំពី​ផែនការ​ដើម្បី​ពង្រីក​ការចូលរួម​ផ្នែក​សន្តិសុខ​និង​សេដ្ឋកិច្ច​។​

​បេសកកម្ម​នេះ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​លោកខាងលិច​ជំរុញ​ឱ្យ​សម​ភាគី​ក្នុង​តំបន់​បដិសេធ​រាល់​ការប៉ុនប៉ង​របស់​ចិន​ដើម្បី​ពង្រីក​សន្តិសុខ​របស់​ខ្លួន​នៅ​ទូទាំង​តំបន់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​សា​ម៉ៅ​បានបញ្ជាក់​ថា រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​និង​នាយករដ្ឋមន្ត្រី​សា​ម៉ៅ​លោកស្រី ហ្វី​យ៉ា​មេ ណៅ​មី ម៉ា​តា​អា​ហ្វា (Fiame Naomi Mata’afa) បាន​ជួប​ពិភាក្សា​គ្នា​អំពី “​ការប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត និង សន្តិភាព​និង​សន្តិសុខ​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ត្រូវបាន​អញ្ជើញ​ឱ្យ​ធ្វើជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ប៉ុន្តែ​មិន​មាន​សំណួរ​ណាមួយ​ត្រូវបាន​ទទួល​យក​ឡើយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​និយាយថា ចិន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​វិស័យ​ផ្សេងៗ​របស់​កោះ​សា​ម៉ៅ ហើយ​នឹង​មាន​ក្របខ័ណ្ឌ​ថ្មី​សម្រាប់​គម្រោង​នាពេល​អនាគត​”​ដែល​​នឹង​ត្រូវ​កំណត់ឡើង​និង​ឯកភាព​គ្នា​ទៅវិញទៅមក​”​។​

​សេចក្តីប្រកាស​ព័ត៌មាន​និយាយថា “​សា​ម៉ៅ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ធំធេង ដែល​នឹង​ផ្តល់​នូវ​ផលប្រយោជន៍​រួម និង​ការប្តេជ្ញា​ចិត្ត​នានា​”​។​

​គណៈប្រតិភូ​ចិន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​សូ​ឡូ​ម៉ុន​និង​កោះ​គីរី​បាទី​រួចហើយ​ក្នុង​សប្តាហ៍​នេះ​។​

​ពួកគេ​បាន​មក​ដល់​កោះ​សា​ម៉ៅ​កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​ត្រូវ​ចេញដំណើរ​ទៅ​កាន់​កោះហ្វី​ជីនៅ​រសៀល​ថ្ងៃ​សៅ​រ៍នេះ ជាមួយ​នឹង​កន្លែង​ឈប់​ផ្សេងទៀត​គឺ តុង​ហ្គា ,​វ៉ា​នូ​អា​ទូ ,​ប៉ាពួ​ញូ​ហ្គី​ណេ និង​ទីម័​រខាង​កើត​៕

រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​និង​នាយករដ្ឋមន្ត្រី​សា​ម៉ៅ​លោកស្រី ហ្វី​យ៉ា​មេ ណៅ​មី ម៉ា​តា​អា​ហ្វា (Fiame Naomi Mata’afa) បាន​ជួប​ពិភាក្សា​គ្នា​អំពី “​ការប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត និង សន្តិភាព​និង​សន្តិសុខ​”​