​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ រួមមាន បេសកកម្ម​ដោយ​ជោគជ័យ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វី​ស យុទ្ធនា​ការឃោសនា បោះឆ្នោត បន្តធ្វើ​រលូន មិនមាន​អំពើហិង្សា និង​ការសម្រេច​របស់ ប្រមុខ​រាជរដ្ឋាភិបាល កែសម្រួល និង​បែងចែក​ដីធ្លី នៅ​តំបន់​បឹង​ទន្លេសាប ឡើងវិញ ជាដើម​។​

១- សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​សុន្ទរកថា​គន្លឹះ អំពី​ការយក​ឈ្នះ​លើ​សមរភូមិ ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩
​ក្នុង​សុន្ទរកថា​គន្លឹះ កាលពី​ថ្ងៃទី​២៣ ខែឧសភា ក្នុង​កម្មវិធី​បើក​សន្និបាត​ប្រចាំឆ្នាំ លើក​ទី​៧៨ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហ​ប្រជា​តិ (UN ESCAP) សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា អាទិភាព​ចម្បង​នៃ​របៀបវារៈ​រួម​នៅក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ក៏ដូចជា​សកលលោក​ទាំ​ង​មូល នៅតែ​ផ្តោតលើ​ការយក​ឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រើប្រាស់​វ៉ាក់សាំង ជា​អាវុធ​យុទ្ធសាស្ត្រ​គន្លឹះ​។​

២-​សម្តេច​ក្រឡាហោម ស ខេង ប្រកាស​ផ្តល់​ការគាំទ្រ​គណបក្សនយោបាយ​ណា ដែល​ជួយ​កិច្ចការងារ​សង្គម
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស ផ្តល់​ការគាំទ្រ​ដល់ គណបក្សនយោបាយ​ណា ដែល​ចូលរួម​ជួយ​លើ​កិច្ចការងារ​សង្គម ដែល​បម្រើ​ដល់ ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ សម្តេច​ក្រឡាហោម បានប្រកាស​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល និង​ដឹកនាំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២២ ខែឧសភា​។

៣- ជំងឺ​អុត​ស្វា អាច​បង្ក​ជាការ​គំរាមកំហែង ជាស​កល ខណៈ​មន្ត្រី​ជំនាញ បញ្ជាក់ថា កម្ពុជា នៅ​មិនទាន់មាន​ជំងឺ​នេះ នៅឡើយ​ទេ
​អង្គការ​សុខាភិបាល​ពិភពលោក (WHO) បានប្រកាស​ពី​ការផ្ទុះ​ជំងឺ​អុត​ស្វា ដែលមាន​ប្រភពពី​ចក្រភព អង់គ្លេស ដោយ​បញ្ជាក់ថា ជំងឺ​នេះ អាចមាន​ការគំរាមកំហែង សុខភាព​ជាស​កល​។ ការលើកឡើង​នេះ ធ្វើឡើង ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់ WHO កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ បន្ទាប់ពី​មានការ​រាយការណ៍ ពី​ករណី​ឆ្លង​រាលដាល ជំងឺ​អុត​ស្វា នៅក្នុង​សហគមន៍​មួយ ក្នុងប្រទេស​អង់គ្លេស ដោយ​មិនដឹង​ពី​ប្រភព​ច្បាស់លាស់​។ យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ជំងឺ​អុត​ស្វា នៅ​មិនទាន់មាន វត្ត​មាននៅ​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​ទាមទារ​អោយ​ពលរដ្ឋ មាន​វិធានការ​ការពារ ឱ្​ុ​បាន​ហ្មត់ចត់​។​

៤-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វី​ស
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម វេទិកា​សេដ្ឋកិច្ចពិភពលោក ដា​វ៉ូស ឆ្នាំ​២០២២ នៅ​ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃទី​២២-២៦ ខែឧសភា​។ វេទិកា​សេដ្ឋកិច្ច ពិភពលោក ដា​វ៉ូស ឆ្នាំ​២០២២ បានកំណត់​របៀបវារៈ​សំខាន់ៗ ជាច្រើន ដូចជា បញ្ហា​អសន្តិសុខ​ថាមពល ទស្សនវិស័យ​សេដ្ឋកិច្ច​សកល បញ្ហា​សកលភាវូបនីយកម្ម និង​យុវជន ការមិនទុកចិត្ត និង​ប្រព័ន្ធ​សុខភាព​ពិភពលោក ជាដើម​។ យ៉ាងណាក៏ដោយ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ប្រធានបទ​សំខាន់​ទី​១ ក្នុង​វេទិកា​សេដ្ឋកិច្ច ពិភពលោក ដា​វ៉ូស ឆ្នាំ​២០២២​នេះ​។

៥- រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​កម្មករ និយោជិត​ទូទាំងប្រទេស ឈប់សម្រាក ២​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត
​រាជរដ្ឋាភិបាល បានសម្រេច​ឯកភាព​ជាគោលការណ៍ អនុញ្ញាតឱ្យ​កម្មករនិយោជិត នៅ​ទូទាំងប្រទេស បាន​ឈប់សម្រាក ២​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​៥ ខែមិថុនា ដោយ​ឈប់សម្រាក​មុន ១​ថ្ងៃ និង​ក្រោយ​ថ្ងៃ​បោះឆ្នោត ១​ថ្ងៃ ពោលគឺ នៅ​ថ្ងៃទី​៤ មិថុនា និង​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ត្រូវ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ដដែល​។ ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា​ខាងមុខនេះ​។​

៦- ក្រសួងទេសចរណ៍ ណែនាំ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ ក្លិប​កម្សាន្ត ផ្អាក​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត
​នៅ​ដើម​សប្តាហ៍​នេះ ក្រសួងទេសចរណ៍ បាន​ណែនាំ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ ក្លិប​កម្សាន្ត រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​នៅ​ទូទាំង​រាជធានី​ខេត្ត ទូទាំងប្រទេស ត្រូវ​ផ្អាក​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៤ មិថុនា ដែលជា​ថ្ងៃ ស និង​នៅ​ថ្ងៃ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ថ្ងៃទី​៥ ខែមិថុនា​។ រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ណែនាំ ដូចគ្នានេះ ឱ្យ​ផ្អាក​លក់ និង​ពិសា​គ្រឿង​ស្រវឹង ២​ថ្ងៃ នៅ​ទូទាំងប្រទេស ក្នុងពេល​បោះឆ្នោត គឺ​នៅ​ថ្ងៃទី​៤ និង​ថ្ងៃទី​៥​មិថុនា ដើម្បី​ចៀសវាង​បញ្ហា​នានា ដែល​កើតចេញពី​ការផឹកស៊ី លើ​ដំណើរការ​បោះឆ្នោត​។​

៧-​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ក្តីកង្វល់​ខ្លាំង ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន ដែល​អាចឈាន​ទៅដល់ វិបត្តិ​ស្បៀងអាហារ​ជាស​កល
​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​ទើប​បិទ​បញ្ចប់ នៅ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២៤ ខែឧសភា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ក្តីកង្វល់​ខ្លាំង សម្រាប់​ពិភពលោក និង​អាស៊ាន ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ សម្តេច​តេ​ជោ បញ្ជាក់ថា វិបត្តិ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ជា​វិបត្តិ​ថាមពល​ប៉ុណ្ណោះ​ទេ តែ​នឹង​ប្រែ​ក្លាយទៅជា​វិបត្តិ​ស្បៀងអាហារ​ថែមទៀត​។​

៨-​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​គណបក្សនយោបាយ បន្តធ្វើ​សកម្មភាព ឃោសនាបោះឆ្នោត ប្រកបដោយ​ភាពថ្លៃថ្នូរ
​កាលពី​ថ្ងៃទី​២៥ ខែឧសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ សារ​សំឡេង ជូន​ជនរួមជាតិ ពី​ការបញ្ចប់​បេសកកម្ម​របស់​សម្តេច នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស និង​ត្រៀម​រៀបចំ​ធ្វើដំណើរ​ត្រឡប់ មកកាន់​មាតុភូមិ​វិញ​។ ក្នុង​សារ​ពិសេស​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ ពី​ដំណើរការ នៃ​ការឃោសនាបោះឆ្នោត ក្នុង​រយៈពេល កន្លងមកនេះ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អប្រសើរ និង​មាន​អ​ព្យា​ក្រឹត្យ ភាព​ខាង​នយោបាយ​។ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​គណបក្សនយោបាយ បន្តធ្វើ​សកម្មភាព ឃោ​នា​បោះឆ្នោត ប្រកបដោយ​ភាពថ្លៃថ្នូរ និង​ចាស់ទុំ​ខាង​នយោបាយ តទៅទៀត​។​

៩-​ដំណើរ​ទស្សនកិច្ច បំពេញការងារ ៥​ថ្ងៃ នៅ​ប្រទេស​ស្វី​ស របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បិទ​បញ្ចប់ ដោយ​ជោគជ័យ
​ដំណើរ​ទស្សនកិច្ច​បំពេញការងារ ៥​ថ្ងៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​កិច្ចប្រជុំ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ស្វី​ស បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ធ្វើដំណើរ វិលត្រឡប់ មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​។

១០-​សម្តេច​តេ​ជោ ហ៊ុន សែន ចែករំលែក​ទស្សនៈ​សំខាន់ៗ ជុំវិញ​អនាគត​អាស៊ី ក្នុងស្ថានភាព​ពិភពលោក បែកខ្ញែក
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នៅ​ថ្ងៃទី​២៧ ខែឧសភា តាមរយៈ​សន្និសីទ​អន្តរជាតិ លើក​ទី​២៧ ស្តីពី «​អនាគត​របស់​អាស៊ី​» បាន​ចែករំលែក​ទស្សនៈ​សំខាន់ៗ​មួយចំនួន ដើម្បី​ធានាបាន​អនាគត​ល្អ របស់​អាស៊ី ដែល​ទាមទារ​ឱ្យ​មេដឹកនាំ បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី​ទាំងមូល ត្រូវមាន​គោលជំហរ​រួម គោរព​អធិបតេយ្យភាព និង​ឯករាជ្យភាព​គ្នា ទៅវិញទៅមក អនុវត្តន៍​គោលការណ៍ ពហុភាគី​និយម ក៏ដូចជា រក្សា និង​ពង្រឹង​នូវ​ការឯកភាព និង​សាមគ្គីភាព និង​ធ្វើ​ការព្រម​គ្នា ជំរុញ​កិច្ចសហការ ក្នុង​តំបន់ ជាដើម​។​

១១- រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​កែសម្រួល​បែងចែក​ដីធ្លី នៅ​តំបន់​បឹង​ទន្លេសាប​ឡើងវិញ
​កាលពី​ថ្ងៃទី​២៧ ខែឧសភា សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស ផ្សាយ​ផ្ទាល់ តាម​ទូរទស្សន៍​ជាតិ​កម្ពុជា បញ្ជាក់​ពី​ការកែសម្រួល បែងចែក​ដីធ្លី នៅ​តំបន់​បឹង​ទន្លេសាប​ឡើងវិញ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង អភិរក្ស និង​ប្រគល់​ដី ជូន​ពលរដ្ឋ​អាស្រ័យ​ផល​។ ការបែងចែក​ដីធ្លី​ឡើងវិញ នៅ​តំបន់​បឹង​ទន្លេសាប​នេះ នឹងត្រូវ​កំណត់​សាជាថ្មី តាមរយៈ​អនុក្រឹត្យ ដោយមាន​ការបោះបង្គោល​កំណត់​ឡើងវិញ ភ្ជាប់​ជាមួយនឹង​វិធានការ ស្តារ​ទឹក​បឹង​ឡើងវិញ​។

១២- គ​.​ជ​.​ប​៖ ការឃោសនាបោះឆ្នោត​រយៈ​ពេល ៦​ថ្ងៃ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន
​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​២៧ ខែឧសភា គជប បានប្រកាសថា ចាប់ពី​ថ្ងៃ​២១ ខែឧសភា ដែលជា​ថ្ងៃ​បើក​យុទ្ធនាការ មកទល់ពេលនេះ គណបក្សនយោបាយ ដែល​បានដាក់​បញ្ជី បេក្ខជន កំពុង​មមាញឹក​ឃោសនា ដោយ​ធ្វើ​សកម្មភាព​ជួបជុំ ការ​ហែរ​ក្បួន ការចុះ​ចែក​ខិ​ត្ត​បណ្ណ និង​សកម្មភាព​ឃោសនា​ផ្សេងទៀត​។

​បើតាម​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ការឃោសនាបោះឆ្នោត​រប​ស់ គណបក្សនយោបាយ នៅតាម​បណ្តា​ខេត្ត និង​រាជធានី រយៈពេល​កន្លងមក បាន​ប្រព្រឹត្តទៅ ដោយ​រលូន មានការ​យោគយល់ អធ្យាស្រ័យ​គ្នា​ខ្ពស់ មាន​កិច្ចសហការ​ពី​បណ្តា​ភាគី ពាក់ព័ន្ធ​នានា បានល្អ​ប្រសើរ ដែល​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​ឃុំ សង្កាត់​៕/V​