ដោយៈ អង្គារ៍ហេង / កណ្ដាលៈ បុរសជាអ្នកគង្វាលគោម្នាក់ បានយកគោ ទៅឃ្វាល នៅវេលារសៀល ហើយពេលជិតព្រលប់ ស្រាប់តែឃើញគោ ដើរមកដល់ផ្ទះវិញ តែមិនឃើញម្ចាស់ ។ លុះព្រឹកឡើង ក្រុមគ្រួសារ នាំគ្នាដើរស្វែងរក ស្រាប់តែប្រទះឃើញស្លាប់ នៅក្នុងទន្លេ ដោយសង្ស័យថា ការស្លាប់នេះ ជាករណីលង់ទឹក។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ៥និង១៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្តីនគបាលស្រុកល្វាឯម បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ នុត ទី ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពដដែល បានបន្តថាៈ នៅវេលាម៉ោង ១៥និង៣០នាទី ជនរងគ្រោះ បានចេញទៅឃ្វាល គោ នៅលើកោះ រហូតដល់វេលាម៉ោង ១៧និង១៥នាទី កូនស្រីរបស់ជនរងគ្រោះ ឃើញគោមកដល់ផ្ទះ តែមិនឃើញឪពុក (ជនរងគ្រោះ) ក៏ទៅសួរម្តាយថា ម៉េចបានមិន ឃើញពុកមកផ្ទះ ទើបនាំគ្នាទៅរកជនរងគ្រោះ នៅឯទន្លេ។ ពេលទៅដល់ ឃើញស្បែកជើង និងមួករបស់ជនរងគ្រោះ អណ្តែតទឹកក៏បាននាំគ្នា ចុះមុជក្នុងទឹកទន្លេ ដែលមានជម្រៅ ប្រហែល ពីរម៉ែត្រកន្លះ ហើយរកឃើញជនរងគ្រោះ នៅបាតទន្លេ ក៏បានស្រង់ឡើង ពីក្នុងទឹកមក តែជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។
ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ទទួលបានព័ត៌មាន ខាងលើនេះភ្លាម ក៏ចុះទៅពិនិត្យមើល សាកសពជនរងគ្រោះ ដោយពិនិត្យឃើញថា នៅលើដងខ្លួន អវៈយវៈរបស់ជនរងគ្រោះ មិនមានស្លាកស្នាមអ្វី គួរឱ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។ ក្រោយពិនិត្យរួច សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕/V-PC