​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​សន្យា​ធ្វើ “​អ្វី​គ្រប់​យ៉ាង​”​ដើម្បី​ការពារ​តំបន់​ដុន​បាស​កន្លែង​ដែល​ការវាយលុក​កាន់តែ​ខ្លាំងក្លា​របស់​រុស្ស៊ី​កំពុង​ជំរុញ​ឱ្យ​កងកម្លាំង​របស់​រដ្ឋាភិបាល​​ទីក្រុង​គៀវ​ពិចារណា​ការដកថយ​ជា​យុទ្ធសាស្ត្រ​ពី​តំបន់​សំខាន់ៗ​មួយចំនួន​ដើម្បី​ចៀសវាង​ការឡោមព័ទ្ធ​ពី​សំណាក់​កងកម្លាំង​រុស្ស៊ី​។​

​រុស្ស៊ី​កំពុង​ធ្វើសង្គ្រាម​ពេញទំហឹង​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​ដូណិត​ស៍​និង​លូ​ហាន​ស៍ភាគ​ខាងកើត ដែល​បង្កើតបានជា​តំបន់​ដុន​បាស​ជា​បេះដូង​ឧស្សាហកម្ម​របស់​ប្រទេស​អ៊ុយ​ក្រែន​ដែល​ប្រធានាធិបតី​​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូថា​បាន​ប្រព្រឹត្ត “​អំពើ​ប្រល័យពូជសាសន៍​”​។​

​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​គាត់​ទៅកាន់​ប្រជាជន​អ៊ុ​យក្រែន លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា រុស្ស៊ី​បាន “​ប្រមូលផ្តុំ​កាំភ្លើង​ធំ​ជា​អតិបរមា និង​កេណ្ឌ​ទាហាន​បម្រុង​ជា​អតិបរមា​នៅ​តំបន់​ដុន​បាស​”​។​

​លោក​បាន​និយាយថា “​មាន​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​និង​ការវាយប្រហារ​តាម​យន្តហោះ​”​។​

​លោក​បាន​បន្ថែមថា “​យើង​កំពុង​ការពារ​ទឹកដី​របស់​យើង​តាម​របៀប​ដែល​ធនធាន​ការពារ​បច្ចុប្បន្ន​របស់​យើង​អនុញ្ញាត​។​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បង្កើន​ធនធាន​ទាំងនោះ​”​។​

​ក្រុម​អ្នក​បំបែក​ខ្លួន​ដែល​គាំទ្រ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​ដណ្តើម​យក​ទីក្រុង​លី​ម៉ាន់ (Lyman) ស្ថិតនៅ​ចន្លោះ​ទីក្រុង​សឺ​វើ​រ៉ូ​ដូណិត​ស៍ (Severodonetsk) និង​ទីក្រុង​ក្រា​ម៉ាថ័​រស៍ (Kramatorsk) នៅលើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ទីក្រុង​សំខាន់ៗ ដែល​នៅតែ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ទីក្រុង​គៀវ​នៅឡើយ​៕

​រុស្ស៊ី​បង្កើន​ការវាយលុក​ដើម្បី​ដណ្តើម​កាន់កាប់​ទីតាំង​សំខាន់ៗ​នៅ​តំបន់​ដូណិត​ស៍រប​ស់អ៊ុយ​ក្រែននាំអោយរដ្ឋាភិបាលទីក្រុងគៀវពិចារណាដកទ័ពចេញពីតំបន់ខ្លះ