ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ជនសង្ស័យជាឈ្មួញនិងអ្នកដឹកជញ្ជូនថ្នាំញៀនប្រាំបីនាក់ ត្រូវបានសម្លាប់និងថ្នាំញៀនមេតំហ្វេតាមីនប្រមាណ១លានគ្រាប់ត្រូវបានកងកម្លាំងថៃរឹបអូសក្រោយការបាញ់តគ្នាមួយនៅតាមព្រំដែនថៃនិងមីយ៉ាន់ម៉ាក្នុងខេត្តឈៀងរ៉ៃកាលពីយប់ថ្ងៃសុក្រ។
ទាហានទៅពីកងកម្លាំងផាមឿង ត្រូវបានបញ្ជូនទៅល្បាតនៅតំបន់ព្រំដែនក្នុងស្រុកមែ ហ្វា លឿងក្រោយមានការអោយព័ត៌មានសម្ងាត់មកថា ក្រុមមួយនឹងប៉ុនប៉ងលួចនាំចូលថ្នាំញៀនទៅពីខាងព្រំដែនមីយ៉ាន់ម៉ា ។
កងល្បាតក្រោយមកបានប្រទះឃើញមនុស្សប្រហែលដប់នាក់ដើរតាមផ្លូវមួយនៅជើងភ្នំក្នុងភូមិលីស៊ែ។ពួកគេមានអាវុធនិងស្ពាយសាក់កាដូផង។
ទាហានបានចល័តចូលជិតនិងស្រែកអោយពួកគេឈប់ដើម្បីឆែកឆេរ។តែជនសង្ស័យបានបាញ់មកលើកងកម្លាំងទាហានល្បាត នាំអោយទាហានបាញ់តបវិញ។ការបាញ់គ្នាបានប្រើពេលអស់ដប់នាទី។
ក្រោយស្ងប់ការប្រយុទ្ធគ្នា ទាហានបានចូលក្នុងតំបន់នោះបានរកឃើញសាក់កាដូដែលគេបោះបង់ចោលចំនួន១១ ផ្ទុកថ្នាំញៀនប្រមាណ១លានគ្រាប់។សាកសពមនុស្សប្រាំបីនាក់ក៏ត្រូវបានរកឃើញនៅទីនោះផងដែរ៕
ទាហានថៃនៅព្រឹកថ្ងៃសៅរ៍បានចូលពិនិត្យតំបន់ប្រយុទ្ធគ្នាកាលពីយប់ថ្ងៃសុក្រនិងបានរកឃើញថ្នាំញៀនព្រមទាំងសាកសពមនុស្ស