ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ខណៈក្រុមហ៊ុន Dyson ល្បីបំផុតខាងផលិតម៉ាស៊ីនបូមធូលីនិងម៉ាស៊ីនសម្ងួតសក់ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះបានលាតត្រដាងថាខ្លួនកំពុងអភិវឌ្ឍស្ងាត់ៗនូវរ៉ូបូតអនាគតជាច្រើនប្រភេទ។
រ៉ូបូតទាំងនោះត្រូវបានរចនាឡើងដើម្បីបំពេញកិច្ចការផ្ទះជាច្រើនមុខ រួមទាំងការរៀបចំទុកដាក់ប្រដាប់ប្រដាក្មេងលេងនិងលាងចានផងដែរ។
ក្រុមហ៊ុន Dyson បានបង្ហាញឱ្យឃើញនូវគំរូរ៉ូបូតថ្មីនៅក្នុងវីដេអូដែលបានចេញផ្សាយនៅឯសន្និសីទអន្តរជាតិស្តីពីរ៉ូបូតនិងស្វ័យប្រវត្តិកម្មនៅទីក្រុងហ្វីឡាដែលហ្វៀកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២។
លោក ជេក ដាយសុន (Jake Dyson) ប្រធានវិស្វករនៅក្រុមហ៊ុន Dyson បាននិយាយថា “មានអនាគតដ៏ធំធេងក្នុងផ្នែករ៉ូបូត និង ជួយសន្សំសំចៃពេលវេលារបស់មនុស្សបំពេញការងារសម្រាប់មនុស្ស និងធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែប្រសើរឡើង។ខ្ញុំជាឪពុកម្នាក់ ខ្ញុំចំណាយពេលពាក់កណ្តាលជីវិតរបស់ខ្ញុំដើម្បីបោសសម្អាតបន្ទាប់ពីកូនរបស់ខ្ញុំលេងរួច ហើយវាគួរឱ្យធុញទ្រាន់ណាស់”។
រហូតមកទល់ពេលនេះ រ៉ូបូតរបស់ Dyson គឺជាម៉ាស៊ីនបូមធូលីលើកម្រាលឥដ្ឋ ក្នុងនោះម៉ូដែលដំបូងគេឈ្មោះ DC06 ត្រូវបានរចនាឡើងកាលពី ២០ ឆ្នាំមុន។
លោកដាយសុនបាននិយាយថា “យើងបានធ្វើការប្រហែល ២០ ឆ្នាំលើរ៉ូបូតបូមដីលើឥដ្ឋ។ ប៉ុន្តែក្រៅពីនោះ យើងបាននិងកំពុងធ្វើការស្រាវជ្រាវជាច្រើនលើរ៉ូបូត ដែលគ្មាននរណាម្នាក់ដឹងនោះទេ”។
ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះបានបង្ហាញពីផែនការមហិច្ឆតារបស់ខ្លួនសម្រាប់រ៉ូបូតទំនើប ដែលកំពុងដំណើរការនៅវាលយន្តហោះហូលឡាវីងតុន (Hullavington) ក្នុងខេត្តវីលសៀ (Wiltshire) របស់អង់គ្លេស។
ខណៈព័ត៌មានលម្អិតអំពីរ៉ូបូតនេះនៅមានកម្រិត វីដេអូបានបង្ហាញថាពួកវានឹងបំពាក់ដៃយន្តដែលអាចចាប់វត្ថុបាន។
នេះអាចអនុញ្ញាតឱ្យពួកវាលាងចាន រើសរបស់ក្មេងលេង និងសូម្បីរកកាក់ដែលបាត់ ឬបំណែកដំឡូងបារាំងដែលលាក់ខ្លួននៅក្រោមសាឡុង៕
រ៉ូបូតរបស់ Dyson នាពេលអនាគតអាចជួយលាងចាននិងរៀបចំប្រដាប់ប្រដាក្នុងផ្ទះ