ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយ ប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះយើងត្រូវជឿជាក់ និងបោះឆ្នោតជូន គណបក្សប្រជាជន ទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើន រុងរឿង តរៀងទៅ”។ នេះជាការបញ្ជាក់របស់លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។
លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថាៈ “ ប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិត ធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេច បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុង នូវអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម នាំយកនូវ សន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជា ប្រជាជនខ្មែរទូទាំងប្រទេស។ ជាពិសេស សម្តេច មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះ មហន្តរាយ ដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតី ប្រកបដោយជោគជ័យ ខណៈដែល ប្រទេសដទៃ ទូទាំងពិភពលោក កំពុងឆ្លងរីករាលដាល និងស្លាប់ពលរដ្ឋខ្លួន រាប់រយ ពាន់ម៉ឺន នាក់នៅឡើយ”។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយ ចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕/V