​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​មន្ទីរ​សាធារណការ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២២ បាន​ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា ពិនិត្យ វាស់វែង បោះតម្រុយ សម្រាប់​គម្រោង​ស្ថាបនា ស្ពានបេតុង ព្រះ​ពន្លា ឆ្លងស្ទឹង​សិរីសោភ័ណ (​ម្តុំ​វត្ត​) ប្រវែង​ពី ៩០ ទៅ ១២០ ម​. ទទឹង ៨ ម​. ដែលជា​អំណោយ ដ៏​ថ្លៃថ្លា​របស់លោក ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ឧកញ៉ា ហេម​ចិន្តា​អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ជំនួស​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម ដែល​បាន​បាក់​ដួលរលំ ខូចខាត​ដោយ​ទឹកជំនន់ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ កន្លងមក ។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​បន្ទាន់​បំផុត បំពេញការងារ​នេះ បន្ទាប់ពី​មាន​សំណូមពរ​ដ៏​ទទូច ពី​ព្រះសង្ឃ ញោមញាតិ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ការផ្ដល់​អនុសាសន៍ ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្រោយពី​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ពាន និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​ម្តុំ​នោះ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ ។​

​ព្រះ​តេជគុណ យឿន សាមឿន ព្រះគ្រូ​ចៅអធិការ និង​លោក​ចេង គឹម​បួន ប្រធាន​គណៈកម្មការ វត្ត​រាជ​និ​វេ​សនា​រាម ហៅ​វត្ត​ព្រះ​ពន្លា បានឱ្យដឹងថាៈ ប្រវត្តិ​ស្ពានឈើ​ចាស់ ទីនោះ ត្រូវបាន​សាងសង់ ដោយ​ព្រះសង្ឃ នៅ គ​.​ស ១៩៦២ ។ លុះដល់​ឆ្នាំ​១៩៩៣ ស្ពាន​ត្រូវបាន ជួសជុល​កែលម្អ និង​ប្រក់​ដំបូល​ស័ង្កសី ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​សប្បុរសជន ។ តម​ក ក៏មាន​ការថែទាំ ។ ប៉ុន្តែ​វា​បាន​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ហើយ​បាន​បាក់ ដួលរលំ ខូចខាត​ទាំងស្រុង ដោយ​ទឹកជំនន់ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ កន្លងមក​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត បាន​បន្តថាៈ ពី​នោះមក ក៏មាន​បំណង​ស្នើឱ្យ​មានការ​ស្ថាបនា ឡើងវិញ​ដែរ ប៉ុន្តែ​ដោយសារ​មាន​វិបត្តិ​សាកល នៃ​ជំងឺ​កូ​វីដ ១៩ ទើបត្រូវ​ផ្អាក​វិញ​។ ម្យ៉ាងទៀត ដោយសារ​មាន​ស្ពានបេតុង​មួយ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី ស្ថិតនៅ​ខាងជើង​នោះ សម្រាប់​ឆ្លងស្ទឹង​សិរីសោភ័ណ ។ ប៉ុន្តែ​ពេលនេះ បាន​ដំណឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ផ្តល់​អំណោយ​កសាង ស្ពានបេតុង​ថ្មី ព្រះសង្ឃ ប្រជាពលរដ្ឋ ពិតជា​មាន​ក្តី​ត្រេកអរ និង​មានសង្ឃឹម​យ៉ាង​ពេញចិត្ត សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ធ្វើដំណើរ និង​ដឹកជញ្ជូន​បម្រើ​ជីវភាព​និង​ដោយឡែក ពុទ្ធបរិស័ទ​ចំណុះជើងវត្ត នឹង​ងាយស្រួល​ទៅមក​ធ្វើ​បុណ្យទាន​នៅ​វត្ត ក៏ដូចជា សម្រាប់​ភ្ជាប់​ភូមិ សង្កាត់ ប៉ែក​កណ្តាល​ក្រុង ទៅ​សង្កាត់​ជាយក្រុង នៅ​ប៉ែក​ខាងកើត ផងដែរ ។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា​: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី អនុវត្ត​អនុសាសន៍​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏បាន​យកចិត្តទុកដាក់​សុខទុក្ខ និង​លើ​កម្ពស់​ជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា បង្កលក្ខណ​:​ងាយស្រួល ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ធ្វើ​បុណ្យទាន ហើយ​សម្រេច​អនុវត្ត គម្រោង​ស្ថាបនា​ស្ពានបេតុង វត្ត​ព្រះ​ពន្លា​នេះ​។​

​លោក​បាន​បន្តថាៈ តាម​ផែនការ គម្រោង​សាងសង់ អាច​ចំណាយពេល​ពី ២៤ ទៅ ៣០ ខែ ព្រោះ​ពេលនេះ ជា​រដូវវស្សា ហើយនឹង​ទឹក​ជន់​តម្លើង​ផងដែរ ៕/V​