ភ្នំពេញ:តបតាមការអញ្ជើញរបស់លោកជំទាវ លីនដា ថូម៉ាសគ្រីនហ្វៀល (Linda Thomas-Greenfield) ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិប្រចាំខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឋានៈជា ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំមិន ចំហរនៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង 0៩:00 យប់ (ម៉ោងនៅកម្ពុជា) ដើម្បីថ្លែងរាយការណ៍ព័ត៌មានស្តីពីការអនុវត្ត ការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានថ្មីៗស្តីអំពីការងារដែលកម្ពុជាបាន អនុវត្ត រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ក្នុង នាមជាប្រេសិតពិសេស នៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ាន សម្រាប់ប្រទេស មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២។

ស្តីពីលទ្ធផល នៃ ទស្សនកិច្ច ជាលើកដំបូង នៅ ប្រទេស មីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានលើកអំពីការជួបពិគ្រោះយោបល់ជាមួយឥស្សរជនសំខាន់ៗបួនក្រុមផ្សេងគ្នា នៅប្រទេស មីយ៉ាន់ម៉ា  ក្នុងនោះរួមមាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ(SAC) តួអង្គក្រៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ អង្គទូត និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ។ ជំនួបទាំងនេះបានផ្តល់ឱកាសជូន ឯកឧត្តម ប្រេសិតពិសេស និងក្រុមការងារបានស្តាប់ ពិភាក្សា និងបញ្ជាក់អំពីការត្រៀមជួយជ្រោមជ្រែងដល់ ប្រទេសមីយ៉ាន់ម៉ា តាមរយៈក្របខ័ណ្ឌអាស៊ាន ដើម្បីសម្រេចបានវឌ្ឍនភាពបន្ថែមទៀតក្នុងការ អនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាតួអង្គ ទាំងអស់ បានលើកឡើងដូចៗគ្នាអំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេសមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតី ឡើងវិញ និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋាន ដែលជាផល ប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តម យល់ឃើញថាតួអង្គនយោបាយផ្សេងៗគ្នានៅ ប្រទេសមីយ៉ាន់ម៉ាគួរប្រកាន់ជំហរបើកចំហរបន្ថែមទៀត សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលអំណោយផលដល់ ដំណើរការសន្តិភាពប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាននៅមីយ៉ាន់ម៉ា។ ក្នុងន័យនេះ ឯកឧត្តមប្រេសិតពិសេស បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់កម្ពុជា ធ្វើជា អ្នក ស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់សម្រាប់មីយ៉ាន់ម៉ា។

ពាក់ព័ន្ធកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០២២ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ឯកឧត្តមប្រេសិតពិសេស បានមានប្រសាសន៍សង្កត់ធ្ងន់ លើចំណុច សំខាន់ៗ ចំនួនបីគឺ៖ (១) ក្របខ័ណ្ឌការនៃរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន (២) ការ ដោះស្រាយ បញ្ហាប្រឈមចំពោះប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និង(៣) ក្របខ័ណ្ឌសម្រាប់ អនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

­ ស្តីពីក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន អង្គប្រជុំបានឯកភាពថា មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ ដោយមានការ ពិគ្រោះ យោបល់ ជិតស្និទ្ធជាមួយក្រុមការងារមីយ៉ាន់ម៉ា នឹងកំណត់នូវរដ្ឋ និងតំបន់សម្រាប់ ការ អនុវត្តក្របខ័ណ្ឌនេះ។ រដ្ឋ និង តំបន់ ទាំងនេះ រួម មាន កាយ៉ា(Kayah)  កាយីន(Kayin) ម៉ាកវេ(Magway) សៃហ្គាំង(Saigang) បាហ្គោ(Bago)  ស្ហាន(Shan) និង រ៉ាក់ខាញ (Rakhine) ។

­ អំពីតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានយល់ព្រមពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងសម្រួលលើតម្រូវ ការរដ្ឋបាល និងផ្លូវច្បាប់។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក៏បានសន្យាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រពេញលេញដើម្បីឲ្យក្រុមត្រួតពិនិត្យអាស៊ាន អាចបំពេញតួនាទីរបស់ខ្លួន ស្របទៅតាមឯកសារប្រតិបត្តិ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤។

­ ទាក់ទងនឹងក្របខ័ណ្ឌសម្រាប់អនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មជ្ឈមណ្ឌល អាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបាន យល់ព្រមអនុវត្តគម្រោងចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និងដៃគូ នៅក្នុងតំបន់ដែលពិបាកចូលទៅដល់។ តាមក្របខ័ណ្ឌនេះក្រុមប្រតិបត្តិការដែលមាន សមាសភាពពីក្រសួងសុខាភិបាល និងដៃគូ តាមរូបមន្ត ៥០:៥០ នឹងត្រូវដាក់ពង្រាយ ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅក្នុងសហគមន៍ ដែលមានតម្រូវការ។

ឯកឧត្តមប្រេសិតពិសេសបានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់គឺត្រូវដាក់ចេញនូវអ្វីដែល បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាពេលថ្មីៗនេះ ជាពិសេសការខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលាទៅដល់អ្នកដែលត្រូវការជំនួយបំផុតគ្មានការ រើសអើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែរថាពេលនេះ ឯកឧត្តម និងក្រុមការងារកំពុងរៀបចំដំណើរទស្សនកិច្ចជាលើកទី២ ទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឲ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទ ប្រាំចំណុច។ ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ ឯកឧត្តមប្រេសិតពិសេស សង្ឃឹមថា នឹងអាចជួបភាគីពាក់ព័ន្ធឱ្យបានច្រើនតាមដែលអាចធ្វើទៅបានបន្ថែមលើអ្នកដែលបានជួបរួចហើយ ក្នុងដំណើរទស្សនកិច្ចលើកដំបូង៕សរន