​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ បេក្ខជន​ឈរឈ្មោះ​របស់ គណបក្ស​ភ្លើងទៀន និង​គណបក្ស ២ ផ្សេងទៀត ដែលមាន​ចំនួន​ជិត ២០០ នាក់ នៅ​រាជធានី​ភ្នំពេញ បានសម្រេច​សុំចូល​រួម​ជីវភាព នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពួកគាត់ អស់ជំនឿ និង​បាត់បង់ ទំនុកចិត្ត​លើ​គណបក្ស​របស់ខ្លួន ហើយ​យល់ថា មិនមាន​គណបក្សនយោបាយ​ណាមួយ ល្អ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​

​ពិធី​ប្រកាស​បញ្ចូល​ជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី ខាងលើនេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៩ ឧសភា នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​បញ្ចូល​នេះ មាន​ចំនួន ១៩៣ រូប មកពី​គណបក្ស ចំនួន ៣ ក្នុងនោះ​រួមមាន បេក្ខជន​ពេញ​សិទ្ឋិ និង​បំរុង មកពី​គណបក្ស​ភ្លើងទៀន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចំនួន ៦១ រូប និង​សកម្មជន មកពី​គណបក្ស ទាំង​៣ មាន​ចំនួន ១៣២ នាក់ សរុប ១៩៣ នាក់​។ ក្នុងនោះ មកពី​ខណ្ឌដូនពេញ ៧៣ នាក់​, ខណ្ឌ​ច្បារអំពៅ ចំនួន ៣៨ នាក់​, ខណ្ឌ​បឹង​កេងកង ចំនួន ១១ នាក់​, ខណ្ឌ ៧ មករា ចំនួន ៤ នាក់​, ខណ្ឌមានជ័យ ចំនួន ៥ នាក់​, ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន ៤៣ នាក់​, ខណ្ឌ​ជ្រោយចង្វារ ចំនួន ១៨ នាក់​, ខណ្ឌ​កំបូល ចំនួន ៣ នាក់ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ បងប្អូន​ទាំង ១៩៣ នាក់ ដែល​បានសម្រេច សុំចូល​រួម ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ដោយសារ​បងប្អូន​អស់ជំនឿ​លើ គណបក្សនយោបាយ​រប​ស់​ខ្លួន​។ នេះ​ជាការ​សម្រេច ដ៏​ត្រឹម​របស់​បងប្អូន ហើយ​បងប្អូន នឹង​ក្លាយជា​សមាជិក សមាជិកា ស្មើមុខ ស្មើ​មាត់ ជាមួយ​សមាជិក សមាជិកា ចាស់​។​

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថាៈ មកដល់ពេលនេះ មិនទាន់មាន​គណបក្ស​ណាមួយ មានគុណ​បំណាច់ មាន​សមត្ថភាព និង​គុណសម្បត្តិ​គ្រប់គ្រាន់ ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា បានទេ ។ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គណបក្ស​ភ្លើងទៀន បាននាំគ្នា​ប្រកា​សកាត់ ស្លាក ដោះ​សម្លៀកបំពាក់ គណបក្ស​របស់ខ្លួន បោះចោល ហើយ​បាន​សុំ​ចូលរួម​ជីវភាព នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​ជនកម្ពុជា រាជធានី​ភ្នំពេញ បាន​សូមឱ្យ សមាជិក សមាជិកា​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា មានសង្ឃឹម​ជាមួយគ្នា ដើរ​ជាមួយគ្នា ដើម្បីឱ្យ​ប្រទេសជាតិ​យើង រីកចំរើន​រុងរឿង ទៅមុខ​បន្ថែមទៀត​។​

​តំណាង​សមាជិក សមាជិកា​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ថាៈ ការសម្រេចចិត្ត​ចាកចេញ ហើយ​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ គឺ​ដោយសារ​អស់ជំនឿ និង​បាត់បង់​ទំនុកចិត្ត លើ​គណបក្ស​របស់ខ្លួន ហើយ​គិតថា មិនមាន គណបក្សនយោបាយ ណា​ល្អ​ជាង គណបក្ស​ប្រជាជន​កម្ពុជា នោះឡើយ​។​

​សូម​រំលឹកថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​បេក្ខជន​ឈរឈ្មោះ និង​សកម្មជន របស់​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ផ្សេងទៀត ចាក​ចេញពី​បក្ស​របស់ខ្លួន ហើយ​សុំ​ចូលរួម ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា បើទោះបី​យុទ្ធនា​ការឃោសនា ស្វែងរក​សំឡេងឆ្នោត បាននិងកំពុង​តែ​ដំណើរការ យ៉ាងណាក្ដី​៕/V​