ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សជាង៣០នាក់បានស្លាប់ក្នុងការជាន់និងប្រជ្រៀតគ្នានៅនីហ្សេរីយ៉ាខាងត្បូងកាលពីថ្ងៃសៅរ៍ក្រោយការប្រជ្រៀតជាន់គ្នាក្នុងអំឡុងព្រឹត្តិការណ៍ចែកស្បៀងនៅព្រះវិហារគ្រិស្តមួយ។
ប៉ូលិសនិងសាក្សីបាននិយាយថា ស្បែកជើងនៅរាយប៉ាយលើដីក្រោយកើតហេតុនៅទីក្រុងកំពង់ផែព័រ ហាតកួត( Port Harcourt)ក្នុងរដ្ឋរីវើសស្តេតភាគខាងត្បូងក្រោយពីហ្វូងមនុស្សព្យាយាមរុលទៅមុខដើម្បីអោយដល់កន្លែងចែកស្បៀង។
ប៉ូលិសរដ្ឋបាននិយាយថា អង្គការព្រះវិហារKings Assemblyបានរៀបចំពិធីចែកស្បៀងនិងអំណោយសំរាប់ជនក្រីក្រនៅក្លឹបកីឡាមួយក្នុងទីក្រុងព័រហាតកួត នៅពេលហ្វូងមនុស្សប្រែជាច្របូកច្របល់លែងអាចគ្រប់គ្រងបាន។សរុបមនុស្ស៣១នាក់បានស្លាប់ក្នុងការជាន់និងប្រជ្រៀតគ្នាដល់ថប់ដង្ហើមស្លាប់។
រូបភាពបង្ហោះក្នុងបណ្តាញសង្គមបង្ហាញគ្រួសារជនរងគ្រោះយំ និងទៅមើលសាច់ញាតិរងរបួសដែលកំពុងសម្រាកនៅមន្ទីរពេទ្យ រួមមានកុមារ ។
ប៉ូលិសបាននិយាយថា ការស៊ើបអង្កេតពីបទឧក្រិដ្ឋមួយកំពុងធ្វើឡើងចំពោះឧបទ្ទវហេតុនេះ។
សូមបញ្ជាក់ថា នីហ្សេរីយ៉ា ធ្លាប់ជួបសោកនាដកម្មជាន់គ្នាដោយសារការចែកស្បៀងបែបនេះជាច្រើនលើកមកហើយនៅប៉ុន្មានឆ្នាំមកនេះ រួមមានកម្មវិធីផ្តល់ជំនួយមួយនៅក្នុងរដ្ឋប័រណូភាគខាងជើងកាលពីឆ្នាំមុនដែលក្នុងហេតុការណ៍នេះស្ត្រីប្រាំពីរនាក់ត្រូវបានជាន់ស្លាប់។
ហេតុការណ៍កាលពីព្រឹកថ្ងៃសៅរ៍បានកើតឡើងនៅពេលពួកមេដឹកនាំគណបក្សប្រឆាំង ជួបប្រជុំនៅរដ្ឋធានីអាប៊ូចាដើម្បីជ្រើសរើសបេក្ខជនម្នាក់សំរាប់ការការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៣ខាងមុខ។
នីហ្សេរីយ៉ាជាប្រទេសមានប្រជាជនច្រើនបំផុតនិងជាប្រទេសផលិតប្រេងធំបំផុតផងដែរនៅអាហ្វ្រិក តែទោះជាមានកំណប់ទ្រព្យប្រេង ប្រជាជននីហ្សរីយ៉ា៤នាក់ក្នុងចំណោម១០នាក់រស់នៅក្រោមកំរិតភាពក្រីក្រ នេះបើតាមរយការណ៍របស់ធនាគារពិភពលោក៕