ប្រែសម្រួលៈបំណង(ST)៖ ស្រីលង្កាដែលកំពុងខ្វះខាតសាច់ប្រាក់ខ្លាំង បានទទួលទំនិញប្រេងរុស្ស៊ីកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសឡើងវិញ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីថាមពល។
បើតាមរដ្ឋមន្ត្រីថាមពល ស្រីលង្កាត្រូវបង់ប្រាក់៧២,៦លានដុល្លារដើម្បីទិញប្រេងរុស្ស៊ីចំនួន៩០.០០០តោនដែលបានមកដល់កំពង់ផែក្រុងកូឡុំបូនៅសប្តាហ៍នេះ នៅពេលប្រជាជាតិដែននេះធ្វើការចាប់ផ្តើមដំណើរការរោងចក្រចម្រាញ់ប្រេងតែមួយរបស់ខ្លួនឡើងវិញដើម្បីដោះស្រាយវិបត្តិខ្វះខាតថាមពលដ៏ស្រួចស្រាល់។
សូមបញ្ជាក់ថា ស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យភាពពីអង់គ្លេសនៅឆ្នាំ១៩៤៨ ដោយកង្វះប្រេងនិងទំនិញសំខាន់ៗដទៃទៀតបាននិងកំពុងធ្វើអោយជីវិតរស់នៅរបស់ប្រជាជន២២លាននាក់នៃកោះនេះជួបការលំបាកខ្លាំង។
រោងចក្រចម្រាញ់ប្រេងCPCតែមួយរបស់ប្រទេសបានបិទនៅខែមីនា ក្រោយរដ្ឋាភិបាលខ្វះសាច់ប្រាក់ដើម្បីនាំប្រេងឆៅចូល។
តាមពិតទំនិញប្រេងឆៅរុស្ស៊ីបានរង់ចាំនៅកំពង់ផែទីក្រុងកូឡុំបូអស់ជាងមួយខែមកហើយដោយសាររដ្ឋាភិបាលនៅមិនទាន់ប្រមូលប្រាក់បានគ្រប់៧២,៦លានដុល្លារដើម្បីទូទាត់វា។
រដ្ឋាភិបាលទីក្រុងកូឡុំបូក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីធ្វើការផ្គត់ផ្គង់ប្រេងឆៅ ធ្យូងថ្ម ប្រេងម៉ាស៊ូតនិងប្រេងសាំងពីរុស្ស៊ីមកស្រីលង្កាដោយផ្ទាល់ទោះជារុស្ស៊ីរងទណ្ឌកម្មនិងកំហឹងការទូតដោយសារតែប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនក្តី។
ពួកមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃចន្ទទី៣០ឧសភានេះនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាដាក់ចេញទណ្ឌកម្មជុំថ្មីមួយលើរុស្ស៊ីដោយសារតែសង្គ្រាមនៅអ៊ុយក្រែន រួមមានទណ្ឌកម្មប្រេង។តាមពិតប្រេងរុស្ស៊ីបានរងទណ្ឌកម្មអាម៉េរិករួចជាច្រេច ហើយប្រេងរុស្ស៊ីឥឡូវលក់ចេញក្នុងតំលៃថោកធៀបនឹងប្រេងនៅលើទីផ្សារអន្តរជាតិ៕
ប្រជាជន និងអ្នកជិះយានយន្តត្រូវរង់ចាំនៅតាមស្ថានីយប្រេង ពេលខ្លះរាប់គីឡូម៉ែត្រដើម្បីទទួលបានប្រេងចាក់យានយន្តនិងហ្គាសចំអិនអាហារ