ដោយៈ សុផល / ភ្នំពេញៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាព ព្រែកជ្រៃ ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
អគារមណ្ឌលសុខភាព ព្រែកជ្រៃ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ បានកសាង កាលពីខែធ្នូ ឆ្នាំ២០១៩ លើផ្ទៃដីចំនួន ៣៦១ ម៉ែត្រការ៉េ ទទឹង ១៨ ម៉ែត្រ បណ្ដោយ ២៨ ម៉ែត្រ ចំណាយអស់ថវិកា ចំនួន ៥៩៩.៩៥៣ .៥០០ រៀល ក្នុងនោះ រួមមាន ការធ្វើរបងជុំវិញ មណ្ឌលសុខភាព ចាក់សាប ទីធ្លាខាងក្រោម ធ្វើបន្ទប់ចំនួនពីរ នៅខាងក្រោមជណ្តើរ សម្រាប់ជនពិការ ឡដុតសំរាម ជណ្តើរ ដើរចុះព្រែក សម្រាប់សេវាផ្លូវទឹក និងមានបំពាក់ ម៉ាស៊ីនត្រជាក់ ចំនួនពីរគ្រឿង។ សម្ធិផលទាំងនេះ បានធ្វើឱ្យឃុំព្រែកជ្រៃ មានការផ្លាស់ប្តូរ មុខមាត់ ជាថ្មីម្ដងទៀត។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីការយកចិត្តទុកដាក់ របស់ ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកកោះធំ លើវិស័យសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ស្រុក កោះធំ ជាពិសេសការខិតខំប្រឹងប្រែង ស្វែងរកថវិកា មកជួយកសាងជួសជុលមណ្ឌលសុខភាព នៅឃុំព្រែកជ្រៃ និងបានលើកឡើង អំពីការបំពេញការងាររបស់ រាជរដ្ឋាភិបាល ជូនប្រទេសជាតិ មាតុភូមិរបស់យើង ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ក្រោមដំបូល រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរដ្ឋាភិបាលតែមួយ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថាៈ សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ រាជរដ្ឋាភិបាល មានឱកាសទាក់ ទាញអ្នកវិនិយោគ មកដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើ ជូនបងប្អូន ប្រជាពលរដ្ឋ ទាក់ទាញទេសចរ មកលេងកម្ពុជា បង្កើតការងារធ្វើ ជូនបងប្អូនប្រជាពលរដ្ឋ និងយកកសិផល ទំនិញផលិត នៅកម្ពុជា ទៅលក់នៅបរទេស ផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល កសាង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក និងការសម្រេចបាន សមិទ្ធផល ទាក់ទងនឹងវិស័យសុខាភិបាល ជាច្រើនទៀតផង។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរ អំពីការកើនឡើង នៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ ឆ្នាំបន្ថែមទៀត របស់ប្រជាជនកម្ពុជា ប្រៀបធៀបទៅនឹង រយៈពេល ២០ ឆ្នាំ កន្លងទៅ ដោយសារកម្ពុជា មានការ រីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវា ថែទាំ និងព្យាបាល សុខភាព រួមជាមួយនឹងបរិស្ថាន រស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើង អំពីវឌ្ឍនភាពនៃ គម្រោងសាង សង់មន្ទីរពេទ្យតេជោ សែនកោះធំ គម្រោងបំពាក់សម្ភារៈ វេជ្ជសាស្ត្រទំនើបៗ ស្របតាមស្តង់ដា អន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ និងបានជម្រាបជូនថា បច្ចុប្បន្ន មន្ទីរពេទ្យ កាល់ម៉ែត កំពុងបណ្ដុះ បណ្ដាល ក្រុមគ្រូពេទ្យ ប្រមាណជាង ១០០ នាក់ ដើម្បីត្រៀមមកផ្ដល់ សេវាព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យតេជោ សែនកោះធំ ហើយសង្ឃឹម ជឿជាក់ថា បងប្អូននៅស្រុកលើកដែក ស្រុកស្អាង នៃខេត្តកណ្តាល ស្រុកព្រៃកប្បាស នៃខេត្តតាកែវ អាចមកទទួលសេវាព្យាបាល ជំងឺនៅមន្ទីរពេទ្យនេះ។
គួរកត់សម្គាល់ថា យោងតាមរបាយការណ៍វឌ្ឍនភាព របស់ក្រុមការងារ ទទួលបន្ទុកការងារ សាងសង់ បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៤ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ការងារសាងសង់ សម្រេចបាន ៣៦,០៨% ហើយគ្រោង បញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅមុនពិធី បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ៕/V-PC