ជនអន្តោប្រវេសន៍​៥​នាក់​ស្លាប់​និង​ជាង​១០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ឯនាយសមុទ្រ​លី​ប៊ី​

3228
ចែករម្លែក

​មន្ត្រី​កងទ័ពជើងទឹក​របស់​ប្រទេស​លី​ប៊ី​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា សាកសព​ជន​អន្តោរ​ប្រវេសន៍​៥ នាក់​ត្រូវបាន​រកឃើញ​ខណៈពេល​ដែល​មនុស្ស​ជាង​១០០​នាក់​​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី ទូក​របស់​ពួកគេ​បាន​លិច​នៅឯ​នាយ​ឆ្នេរសមុទ្រ​លី​ប៊ី​កាលពី​ថ្ងៃ​ចន្ទ​។

​លោក Rami Ghommeidh បាន​និយាយថា​ក្រុម​អ្នក​សង្គ្រោះ​លី​ប៊ី​បាន​ចំណាយពេល​៣​ម៉ោង​ដើម្បី​ទៅដល់​ទូក​ដែល​លិច​នោះ ។​

​អ្នក​នៅរស់​ម្នា​ក់បាន​និយាយថា​”​នៅពេលដែល​យើង​ទៅជិត​ក្រុម​អ្នក​ជួយសង្គ្រោះ​អ៊ីតាលី​ពួកគេ​មិន​សង្គ្រោះ​យើង​ទេ ដូច្នេះ​យើង​រង់ចាំ​នៅ​ទីនោះ សម្រាប់​ការជួយ​សង្គ្រោះ​​ពី​កងទ័ពជើងទឹក​លី​ប៊ី​”​។​

​លោក Rami Ghommeidh មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ក្រុម​ជនរងគ្រោះ​នោះទេ ដោយបាន​បញ្ជាក់ថា​មនុស្ស​៥​នាក់​ស្លាប់​និង ១១៧​នាក់​នៅរស់ ដោយ​រួម​ទាំងស្រី​និ​​ង​កុមារ​ច្រើន​នាក់​។​

​លោក​បាន​និយាយថា ពួកគេ​ត្រូវបាន​នាំយកទៅ​ទីក្រុង​Tripoli ប្រទេស​លី​ប៊ី បន្ទាប់ពី​ត្រូវបាន​សង្គ្រោះ​។​

​ប្រទេស​លី​ប៊ី​គឺជា​ចំណុច​ចាប់ផ្តើម​ចេញដំណើរ​ដ៏​សំខាន់​សម្រាប់​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​ដែល​សង្ឃឹមថា​អាច​ទៅដល់​អឺរ៉ុប ទោះបីជា​មនុស្ស​រាប់រយ​នាក់​បាន​​លង់ទឹក​ស្លាប់​ក្នុង​មួយឆ្នាំៗ ក្នុងពេល​ព្យាយាម​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​ក៏ដោយ​។​រហូតមកដល់​ឆ្នាំនេះ​មាន​មនុស្ស​ប្រហែល​៤០.០០០​នាក់​បាន​រស់រានមានជីវិត​ពី​ការឆ្លង​​កាត់​សមុទ្រ​នេះ ខណៈដែល​ជាង​៨០០​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិ​៕​ដោយ​:​សុខា​/sn

ពួក​អ្នក​នៅរស់​ពី​ការ​លិច​ទូក ដើរ​នៅ​ជិត​សាកសព​ដែល​លង់ទឹក​ស្លាប់ ដែល​ដាក់​នៅ​កំពង់ផែ​ក្រុង​Tripoli ប្រទេស​លី​ប៊ី កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម