ដោយៈ ប.ខុន / ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ កាលពីថ្ងៃទី១ ខែមិថុនា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចំនួន ២៣ គម្រោង ដែលកំពុងសាងសង់ នៅក្នុងស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ដែលជាទូទៅ មកដល់ពេលនេះ គម្រោងអាទិភាពទាំង ២៣ អនុវត្តបានលទ្ធផល លើសពី ៥០ ភាគរយ គម្រោងខ្លះ បានជិតរួចរាល់ហើយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង កាលពីពេល កន្លងទៅថាៈ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តូចៗ និងខ្លីៗ ដែលចាំបាច់ ត្រូវធ្វើការអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីគម្រោងផ្លូវធំៗ ចំនួន ៣៤ ខ្សែ នៅមានចំនួនច្រើន តែក្នុងឆ្នាំ២០២២ នេះ យើងជ្រើសរើស យកតែគម្រោងណា ដែលចាំបាច់ជាអាទិភាព ។ គម្រោងអាទិភាព មានចំនួន ២៣ គម្រោង កំពុងត្រូវបានធ្វើការអភិវឌ្ឍ ជាគម្រោង ដែលប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ត្រូវការ ចាំបាច់ សម្រាប់ភ្ជាប់ចរាចរ ពីក្នុងមូលដ្ឋាន ទៅកាន់ផ្លូវធំៗ ដែលបានសាងសង់រួច ។
លោក ជ័យ វិមានរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ថាៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចំនួន ២៣ គម្រោង ដែល កំពុងតែសាងសង់ នៅក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២២ នេះ វាជាគម្រោងអាទិភាពដែល ប្រជាពលរដ្ឋ ត្រូវការចាំបាច់ សម្រាប់ធ្វើចរាចរភ្ជាប់ពីផ្លូវធំៗ ដែលបានសាងសង់ ចូលទៅក្នុង មូលដ្ឋាន ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋ និងកំពុងសាងសង់ ដោយក្រុមហ៊ុននានា ។
ប្រធានមន្ទីរហិរញ្ញវត្ថុ ខាងលើ បានបញ្ជាក់ថាៈ ផ្លូវតូចៗ និងខ្លីៗ ទាំង ២៣ គម្រោងនេះ ត្រូវបានសាងសង់ នៅក្នុងស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខ្សែផ្លូវខ្លះ បានសាង សង់ជិតរួច ខ្លះបាន ៧០ ភាគរយ តែជាទូទៅ គឺបានសាងសង់រួចច្រើនជាង ៥០ ភាគរយហើយ ដែលគម្រោងត្រូវបញ្ចប់ នៅក្នុងពេលឆាប់ៗនេះទាំងអស់៕/V-PC