ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

កាម​

​នាមសព្ទ​

( បា​. ) សេចក្ដីប្រាថ្នា​, ចំណង់​; ទ្រព្យសម្បត្តិ និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា​។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បានជា​អនេក​; បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​.​ថ​. កា​ម៉ៈ ដូចជា កាមគុណ​, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរ​ចំរើន​នៃ​សេចក្តីប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម​-​ម៉ាច់​-​ឆាន់​-​ទៈ ) សេចក្ដី​ពេញចិត្ត​ក្នុង​កាម ។ កាមតណ្ហា ចំណង់​ចំពោះ​កាម​, សេចក្តីប្រាថ្នា​មិនចេះចប់​ក្នុង​កាម ។ កាមទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម​, ទុក្ខ​ដែល​កើតឡើង​ព្រោះ​កាម ។ កាមបង្កៈ (—​បុ័ង​-​កៈ ) ភក់​គឺ​កាម ឬ កាម​ដូចជា​ភក់ ។ កាមបរិឡាហៈ (—​ប៉ៈ​-​រិ​-​ឡា​-​ហៈ ) សេចក្តី​ក្តៅក្រហាយ​, រោលរាល​, អន្ទះអន្ទែង​ព្រោះ​កាម ។ កាមភព ភព​គឺ​កាម ឬ ភព​ដែល​ប្រកប ដោយ​កាមគុណ​ទាំង ៥, បាន​ដល់​ភព ១១ គឺ​ទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—​សៃ​-​យ៉ា ) ដំណេក​របស់​បុគ្គល​អ្ន​ក​បរិភោគ​កាម (​អ្នក​បរិភោគ​កាម ច្រើន​ដេក​ផ្អៀង​ទៅខាង​ឆ្វេង ) តាម​អដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នក​បរិភោគ​កាម​។ ឥត្ថី​. កាមភោគិនី ។ កាមយោគ សេចក្តី​ប្រកប ឬ ព្យាយាម​ក្នុង​កាម ។ កាមរាគ តម្រេក​ក្នុង​កាម ។ កាមរាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ​នៅក្នុង​សន្តាន គឺ​កាមរាគ ។ កាមរោគ រោគ​កើតឡើង​ព្រោះ​កាម ។ កាមវិតក្ក (—​វិ​-​តាក់​-​កៈ ) សេចក្តី​ត្រិះរិះ​ក្នុង​កាម ។ កាមវិយោគ ការព្រាត់ប្រាស​និរាស​ចា​ក​កាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់​ជក់​ជាប់​ស្អិត​ក្នុង​កាម ។ កាមសុខ សុខ​ក្នុង​កាម ឬ សេចក្តី​សប្បាយ​ដែល​កើតឡើង​អំពី​កាម ។ កាមសុខល្លិកានុយោគ ការប្រកប​រឿយ ៗ ក្នុង​កាមសុខ​, ការប្រព្រឹត្តិ​ជាប់ចិត្ត​ចំពោះ​កាមសុខ ។ កាមាទីនវៈ (—​ម៉ា​-​ទី​-​នៈ​-​វៈ ) ឬ កាមាទីនព (—​នប់ ) ទោស​នៃ​កាម​, ទោស​ដែល​កើត​អំពី​កាម ។ កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង​មាន​រូបារម្មណ៍​ជាដើម ។ កាមាវចរ ឈ្មោះ​ឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះ​ចិត្ត​ដែល​ត្រាច់ ទៅក្នុង​កាមភព ឬ ដែល​ចុះ​ស៊ប់​កាន់​កាមភព ។ កាមាសវៈ (—​សៈ​-​វ៉ៈ ) អាសវៈ​គឺ​កាម ។ កាមុបាទាន (—​ប៉ា​—) សេចក្តី​ប្រកាន់​មាំ​ក្នុង​កាម ។ កាមុម្មត្តកៈ ( កា​ម៉ុម​-​ម៉ាត់​-​តៈ​-​កៈ ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត​, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការស្វែងរក​កាម ។ កាមោឃៈ (—​ឃៈ ) អន្លង់​គឺ​កាម ឬ កាម​ដូចជា​អន្លង់ ។ ល ។​

​គាថា​

នាមសព្ទ​

(​សំ​. បា​. ) កម្រង​វាចា​ដែលមាន​របៀប​កំណត់ ដោយ​ខ្យល់​អក្សរ​មាន ឆន្ទ គណៈ ឃ្លា ល្បះ ( ពាក្យកាព្យ​បាលី ) ។​

​នាមសព្ទ​

​មាស​, ប្រាក់​ជាដើម ដែល​ចារ​បញ្ចុះ​គាថា​យ័ន្ត សម្រាប់​ដាក់​ខ្សែ​ចង្កេះ​, ខ្សែ​-​ក​, ខ្សែដៃ​, តាម​ទម្លាប់​មនុស្ស​ដែល​ធ្លាប់​រាប់អាន​; ពាក្យ​នេះ ច្រើន​ហៅ​ក្លា​យមក​ថា កថា ឬ កា​ថា ( គួរប្រើ គាថា វិញ ) ។​

គាថាពន្ធ​

(—​ពន់​)

នាមសព្ទ​

(​បា​.) សេចក្ដី ឬ ប្រយោគ​ដែល​តែង​ជា​គាថា​ប្រកបដោយ​ឆន្ទ និង បាទ ។​

​ឆ្អន់​

​កិរិយាសព្ទ​

​ទ្រាន់​, ច្រើន​ប្រើ​ជា​បរិវារ​សព្ទរ​បស់ពាក្យ​ជិន និង ឆ្អែត​
​ជិនឆ្អន់​, ឆ្អែតឆ្អន់ ។​

គុណសព្ទ​

​ទ្រាន់​, ច្រើន​ប្រើ​ជា​បរិវារ​សព្ទរ​បស់ពាក្យ​ជិន និង ឆ្អែត​
​ជិនឆ្អន់​, ឆ្អែតឆ្អន់ ។​

​ឆ្អិន​

​គុណសព្ទ​

​ទីទៃ​ពី​ឆៅ គឺ​អ្វីៗ ដែល​ចម្អិន​ហើយ​
​បាយ​ឆ្អិន ។​
​ឆ្អិនឆ្អៅ ហ្មត់ហ្មង​ស្រងៅ​, ដែល​ចាស់ចិត្ត​ចាស់​គំនិត​, ហ្មត់ចត់ ។ មាសឆ្អិន មាស​ដែលមាន​សម្បុរ​បរិសុទ្ធ ។ ហ្មត់ហ្មង ( ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ ) ។​