​ប្រែ​សម្រួលៈ​បំណង​(ST)៖​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាម៉េរិក​បានធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​លើក​ដំបូង​របស់​គេនៅក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​មក​​នេះ ដែល​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មួយ​ ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា កូរ៉េខាងជើង​ត្រៀម​សាកល្បង​នុយក្លេអ៊ែរ​។​

​រូបភាព​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បង្ហាញ​នាវា​ដឹក​យន្តហោះ​អាម៉េរិក​USS Ronald Reagan(​ស្តាំ​) និង​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​Marado​(ឆ្វេង)បើក​ក្បែរ​គ្នា​ក្នុង​ការហ្វឹកហាត់​​រួម​គ្នា​កាលពី​ថ្ងៃ​៤​មិថុនា ឆ្នាំ​២០២២

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា សមយុទ្ធ​ត្រូវបាន​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​នៅក្នុង​ដែនទឹក​អន្តរជាតិ​នៅ​ឯនា​យកោះ​អូ​គី​ណា​វ៉ា​របស់​ជប៉ុន​រហូតដល់​ថ្ងៃ​សៅរ៍​ទី​៤​មិថុនា ដោយ​រួម​បញ្ចូល​ប្រតិបត្តិការ​ប្រឆាំង​នាវា ប្រឆាំង​នាវា​មុជទឹក​និង​ប្រតិបត្តិការ​រារាំង​ក្នុង​សមុទ្រ​។​

​វា​កើត​ឡើង​ចំ​ពេល​មាន​សញ្ញា​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើកដំបូង​ចាប់តាំងពី​ការសាកល្បង​នៅ​ឆ្នាំ​២០១៧​។​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​​ព្យុង​យ៉ាង​បាន​ធ្វើ​ការពិសោធន៍​ឧបករណ៍​បំផ្ទុះ​ជាច្រើន​ដង​ក្នុង​ការត្រៀម​សំ​រាប់ការ​បំផ្ទុះ​នុយក្លេអ៊ែរ​នៅក្រោម​ដី​លើក​ទី​ប្រាំពីរ​របស់ខ្លួន​។​

​នាវា​ដឹក​យន្តហោះ​The USS Ronald Reagan​ចំណុះ​១០០.០០០​តោន បាន​ចូលរួម​សមយុទ្ធ​ជាមួយ​នាវា​គ្រូ​ស​សឺ​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​USS Antietam នាវា​ពិឃាត​USS Benfold​បំពាក់​ប្រ​​ព័ន្ធ​កាំជ្រួច​Aegis និង​វា​នា​ចាក់​ប្រេង​USNS Big Horn​។​

​កូរ៉េខាងត្បូង​ក៏​បាន​បញ្ជូន​នាវា​បុក​ច្រាំង​ឡើងគោក Marado នាវា​ពិឃាត​Sejong the Great និង​នាវា​ពិឃាត​Munmu the Great រួម​ជាមួយ​នាវា​ផ្សេងទៀត​។​

​វា​ជា​សមយុទ្ធ​យោធា​រួមគ្នា​លើកដំបូង​របស់​សម្ពន្ធ​មិត្ត​ទាំងពីរចាប់តាំងពី​ប្រធានាធិបតី យូ​ន ស៊ុក​-​យ៉ូល ចូលកាន់​តំណែង​កាលពី​ខែ​មុន និង​ក៏​ជា​លំ​ហាត់​យោធា​ទ្វេភាគី​លើកដំបូង​ដែល​មាន​ការចូលរួម​ពី​នាវា​ដឹក​​យន្តហោះ​មួយ​ចាប់តាំងពី​ឆ្នាំ​២០១៧​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « សមយុទ្ធ​នេះមានបំណងពង្រឹង​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការឆ្លើយតប​ចំពោះការបង្ក​រឿង​របស់​កូរ៉េខាងជើង​​ណាមួយ នៅពេល​អាម៉េរិក​ក៏​បង្ហាញ​ការតាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​ផ្តល់​របាំង​ការពារ​អោយកាន់តែខ្លាំង​ឡើង​»​។​

​សូម​រំលឹក​ថា នៅក្នុង​ជំនួប​មួយ​ជាមួយ​លោក​យូ​ន​កាលពី​ពេល​ថ្មីៗ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​សន្យា​បញ្ជូន​«​ទ្រព្យ​យុទ្ធសាស្ត្រ​» រួម​មាន​នាវា​ដឹក​យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់​ចម្ងាយ​​ឆ្ងាយ ឬ​នាវាមុជទឹក​បំពាក់​កាំ​ជ្រួច​វាយប្រហារ បើសិនជា​ចាំបាច់​ដើម្បី​រារាំង​កូរ៉េខាងជើង ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ពង្រើន​ការរារាំង​ការគំរាម​មក​ពី​កូរ៉េខាងជើង​៕

​រថក្រោះ​K-1​បើក​ចេញពី​នាវា​ដឹក​ជញ្ជូន​របស់​កូរ៉េខាងត្បូង​មួយ ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​ឆ្នេរ​ប៉ូ​ហាង កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​២៤​ឧសភា ឆ្នាំ​២០២២