​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ បន្ទាប់​ពី​ការស្រាវជ្រាវ​និង​ការពិសោធ​អស់​រយៈពេល​ពីរ​ទសវត្សរ៍ មន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​ឥឡូវនេះ​និយាយថា ពួកគេ​មាន​គំរូ​កាំភ្លើង​ឡាស៊ែរ​ថាមពល​ខ្ពស់ ដែល​អាច​ស្ទាក់ចាប់​គ្រាប់​រ៉ុក្កែត គ្រាប់​កាំភ្លើងត្បាល់ ដ្រូ​ន និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ក្នុងពេល​កំពុង​ហោះហើរ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ប្រព័ន្ធ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​នៅក្នុង​ការសាកល្បង​បាញ់​នាពេល​ថ្មីៗ​នេះ​នៅ​វាល​ខ្សាច់​ភាគខាងត្បូង​អ៊ីស្រាអែល ដោយ​បាន​បំផ្លាញ​គ្រាប់​រ៉ុក្កែត គ្រាប់​កាំភ្លើងត្បាល់ និង​ដ្រូ​ន ហើយ​បាន​ញ៉ាំង​ឱ្យ​មាន​ការ​ទះដៃ​អបអរ​ពី​ក្រុមមន្ត្រី​ដែល​កំពុង​មើល​សកម្មភាព​នៅ​លើ​អេក្រង់​។​

​រដ្ឋាភិបាល​បាន​លៃ​ថវិកា​រាប់រយ​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​អាវុធ ដែល​នាយករដ្ឋមន្ត្រី ណា​ហ្វតា​លី បិ​ន​ណេ​ត (Naftali Bennett) ពណ៌នា​ក្នុង​សប្តាហ៍​នេះ​ថា​ជា​”​អ្នក​ផ្លាស់ប្តូរ​ស្ថានការណ៍​ជា​យុទ្ធ​​សាស្ត្រ​”​។​

​លោក​បាន​សន្យាថា​នឹង “​ហ៊ុម​ព័ទ្ធ​អ៊ីស្រាអែល​ដោយ​ជញ្ជាំង​ឡា​ស៊ែរ​”​។​

​ក្រុម​អ្នកជំនាញ​ដែល​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​នេះ​បាន​និយាយថា វា​នៅ​សល់​ច្រើន​ឆ្នាំ​ទៀត​ក្នុងការ​ដំណើរការ​ពេញលេញ​នៅក្នុង​វិស័យ​នេះ ហើយ​អ្នកជំនាញ​បាន​ព្រមាន​ថា សូម្បី​ពេលនោះ​មក​ដល់ ក៏​វា​អាច​ប្រើប្រាស់​តែ​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ​ក្នុង​ការការពារ​អ៊ីស្រាអែល​ពី​ការបាញ់​គ្រាប់​រ៉ុក្កែត​ដ៏​ច្រើនសន្ធឹក​ក្នុងពេល​តែមួយ​។

​មន្ត្រី​អ៊ីស្រាអែល​មិន​បាន​និយាយថា​តើ​វា​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កាំជ្រួច​នាំ​ផ្លូវ​បាញ់​ច្បាស់ៗ​ដែល​អ៊ីស្រាអែល​និយាយថា​ក្រុម​ហេស​ប៊ូ​ឡា​កំពុង​អភិវឌ្ឍ​នៅក្នុង​ប្រទេស​លី​បង់​ឬ​យ៉ាងណា​នោះ​ទេ​។​

​ទោះយ៉ាងណា អាវុធ​ឡាស៊ែរ​បាន​ចាកចេញ​ពី​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​និង​ប្រភេទ​ហ្គេម​ស្រមើស្រមៃ​ទៅ​រក​ការពិត​ហើយ​។ យ៉ាងហោច​ណាស់​អាវុធ​ឡាស៊ែរ Helios របស់​ក្រុមហ៊ុន Lockheed Martin បានចាប់ផ្តើម​ដាក់ពង្រាយ​លើ​នាវា​កងទ័ពជើងទឹក​អាម៉េរិក​រួចទៅហើយ​៕

​អាវុធ​ឡាស៊ែរ​ថ្មី​មាន​គោលបំណង​ជំនួស​ប្រព័ន្ធ​ការពារ​អាកាស Iron Domeដែលប្រើយ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងកាំជ្រួចឬរ៉ុក្កែតប៉ាឡេស្ទីនកន្លងមក