ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ ខណៈ​បើក​ឡំ​ប្រឺ​តា​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ត្រី​ពី​ខាងក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​គាប​ជាប់​នៅក្នុង​ឡំ​ប្រឺ​តា​តែម្តង ។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជាប់​បុរី​សែន​មនោ​រម្យ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ជនរងគ្រោះ​មានឈ្មោះ នង សាវឿន អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ឡំ​ប្រឺ​តា មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​ត្រី​ម៉ាក HYUNDAI ក្បាល​ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ កំពត 3A 1157 បាន​ចត​ស្ងៀម​នៅក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​មិនមាន​បើកភ្លើង​ស៊ីញ៉ូ​ឡើយ ចំណែកឯ​អ្នកបើកបរ​នៅ​អង្គុយលេង​ជាប់​នឹង​រថយន្ត ស្រាប់តែ​ភ្លាមៗ​នោះ គេ​ឃើញ​មាន​បុរស​ម្នាក់​ជា​ជនរងគ្រោះ​បាន​បើក​ឡំ​ប្រឺ​តា ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1IL 7456 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ចូលមក​ខាងស្តាំ​ដៃ ហើយ​ជ្រុល​ទៅបុក​ផ្ទប់​ពីក្រោយ​រថយន្ត​ដឹក​ត្រី ពេញទំហឹង​បណ្តាលឱ្យ​គាប​ជាប់​ស្លាប់​នៅនឹងកន្លែង ចំណែក​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ បាន​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត និង​ឡំ​ប្រឺ​តា ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ហើយ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​