​ដោយៈ បាយ័ន / សៀមរាបៈ បុរស​ជា​ប្តី ខឹង​ប្រពន្ធ ដែល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា បាន ទាញ​ពូថៅ កាប់​ប្រពន្ធ បណ្តាលឱ្យ​របួសធ្ងន់​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ប៉ុន្តែ​ក្រោយមក ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន​បាន នៅ​ស្រុក​ក្រឡាញ់​។​

​ជនសង្ស័យ​ជា​ប្តី ដែល​កាប់​ប្រពន្ធ​នោះ ត្រូវបាន​ឃាត់ខ្លួន នៅវេលា​ម៉ោង ១១​និង ៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅ​ក្នុងភូមិ​គោក​ដូង ឃុំ​កំពង់​ស្គូ​វ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​លោក​អនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត សៀមរាប បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ នៅវេលា​ម៉ោង ៤​និង​៣០ នាទី រសៀល​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ​២០២២​នេះ​ថាៈ ដោយ​យោងតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តសៀមរាប និង​ដោយមាន​ការដឹកនាំ​បញ្ជា ដោយ​លោក វរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស បានឱ្យ​លោក ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប ករណី​ឃាតកម្ម (​អតីត​ប្តី យក​ពូថៅ​កាប់​ប្រពន្ធ​) កើត​មាននៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង -​ខេត្តសៀមរាប ។​

​ជនបង្ករ​ឈ្មោះ ទូច សុខា ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ រស់នៅ​ភូមិ​ដូ​ដ​ន្ត្រី ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​យក​ពូថៅ កាប់​ទៅលើ​ជនរងគ្រោះ ជា​ប្រពន្ធ ឈ្មោះ លី ហឿន អាយុ ៦៩ ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បណ្តាលឱ្យ​ជនរងគ្រោះ របួស​នៅត្រង់​ក្បាល​ចំនួន ៤ ពូថៅ ក្នុងនោះ ខាងលើ​ថ្ងាស ២ ពូថៅ និង​ចំ​ពីលើ​ក្បាល ២ ពូថៅ ហើយ​ត្រូវបាន​ក្រុមគ្រួសារ ជួយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។​

​លោក បានបញ្ជាក់​ទៀតថាៈ ក្រោយពី​កាប់​ប្រពន្ធ​រួច ជនបង្ក​ខាងលើ បាន​ជិះ​ម៉ូតូ​គេចខ្លួន ដោយបាន​យក​ពូថៅ​ទៅជា​មួយ ធ្វើដំណើរ​ដល់​ស្រុក​ក្រឡាញ់ ហើយក៏​ត្រូវ​កម្លាំង​យើង តាម​ប្រមាញ់ រហូត​ឃាត់ខ្លួន​បាន យកមក​សួរនាំ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​បន្ត​។​

​លោក​បាន​និយាយ​ពី​មូលហេតុ ដោយ​ប្តី​ប្រពន្ធ ខាងលើ រស់នៅ​មិន​ចុះសម្រុង​គ្នា តែងតែមាន ទំនាស់​ពាក្យសំដី ជា​ញឹកញាប់​៕/V​