​ដោយៈ បូកគោ / កំ​ពតៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨២ ភាគរយ ក្នុងចំណោម​អ្នកមាន​សិទ្ធិ បោះឆ្នោត ជិត ៤០ ម៉ឺន​នាក់ នៅ​ទូទាំង​ខេត្តកំពត បាន​ចូលរួម​បំពេញ​កាតព្វកិច្ច ដើម្បី​ជ្រើសរើស ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ខ្លួន​។ នេះ​ជា​របាយការណ៍​របស់ គណៈកម្មការ​រៀបចំ ការបោះឆ្នោត ខេត្តកំពត ក្រោយ​បិទ​បញ្ចប់ គ្រប់​ការិយាល័យ​បោះឆ្នោត កាលពី​រសៀល ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​។​

​របាយការណ៍ ដែល​ចុះហត្ថលេខា​ដោយ​លោក តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​ខេត្ត រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ថាៈ គិត​ត្រឹម​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត ដែល​បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ មាន ៣២៧.៦៣៣ នាក់​។ ចំនួន​នេះ គឺ​ស្មើនឹង ៨២,០៣ ភាគរយ នៃ​អ្នក​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២២ ដែលមាន​ចំនួន ៣៩៩.៣៨៥ នាក់​។​

​សូមបញ្ជាក់ថា នៅ​ខេត្តកំពត​មាន​គណបក្សនយោបាយ ចំនួន​ប្រាំមួយ ដែល​បាន​ចុះឈ្មោះ ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ទាំង ៩៣ មូលដ្ឋាន​។​

​ដោយឡែក របាយការណ៍​របស់លោក គី​វ សា​ឌុំ ប្រធាន​គណ​:​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត ខេត្ត​កែប បានឱ្យដឹងថា ក្នុងចំណោម​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ ចំនួន ២៦.៦៥៣ នាក់ គឺមាន ២៣.២៥៥ នាក់​ស្មើនឹង ៨៧,២៥ ភាគរយ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​នេះ​។ ខេត្ត​កែប មាន​គណបក្ស នយោបាយ​ចំនួន​បួន បាន​ចូលរួម​ប្រកួតប្រជែង យក​កៅអី ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំង​ប្រាំ​៕/V​