​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មិថុនា​ថា ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ រដ្ឋ​មី​ស៊ី​ហ្គែ​ន​និង​រដ្ឋ​ថេន​ណេ​ស​ស៊ីបាន​សម្លាប់​មនុស្សយ៉ា​ង​ហោចណាស់​​ប្រាំបួន​នាក់ និង​របួស ២៥ នាក់ នៅក្នុង​ករណី​ចុងក្រោយ​បំផុត​នៃ​អំពើហិង្សា​ដោយ​កាំភ្លើង​នៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់​ពី​ការសម្លាប់​រង្គាល​នា​ពេល​ថ្មីៗ​នេះ​នៅ​រដ្ឋ​តិច​សាស រដ្ឋ​ញូវយ៉ក និង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​។​

​អ្នក​បាញ់ប្រហារ​ជាច្រើន​នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​ផ្លូវ​ខាងត្បូង (South Street)​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ហ្វីឡា​ដែល​ហ្វៀ (Philadelphia)​ដែល​ជា​តំបន់​ពោរពេញ​ទៅដោយ​បារ​និង​​ភោជនីយដ្ឋាន ភ្លាមៗ​មុន​ពេល​ពាក់កណ្តាល​អធ្រាត្រ​កាលពី​ថ្ងៃ​សៅរ៍​។ ក្រុមមន្ត្រី​បាន​និយាយថា បុរស​ពីរ​នាក់​និង​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយ​អ្នក​ស្លាប់​ពីរ​នាក់​ក្នុងចំណោម​នោះ​និង​អ្នករបួស​ភាគច្រើន​គឺ​​ជា​អ្នក​ថ្មើរជើង​ស្លូតត្រង់​គ្មាន​កំហុស​។​

​វីដេអូ​សុវត្ថិភាព​បាន​បង្ហាញ​ហ្វូង​មនុស្ស​នៅ​តាម​ផ្លូវ​កំពុង​រត់​ទាំង​ភ័យ​ស្លន់ស្លោ​នៅក្នុង​នាទីចុងក្រោយ​នៃ​វីដេអូ​ឃ្លីប ២២ វិនាទី ដែល​គេ​សន្មត​ថា​កើត​ឡើង​បន្ទាប់ពី​ការបាញ់បោះ​បានបញ្ចប់​។​ឃ្លីប​នេះ​​មិន​មាន​សំឡេង​ទេ​។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រអាច​ផ្ទៀងផ្ទាត់​វីដេអូ​នេះ​ដោយ​ប្រើ​ទីតាំង​ភូមិសាស្ត្រ​។​

​ដូចគ្នានេះដែរ​នៅ​ទីក្រុង​ឆា​តា​នូហ្គា (Chattanooga) រដ្ឋ​ថេន​ណេ​សស៊ី ការបាញ់ប្រហារ​បាន​ផ្ទុះឡើង ខណៈ​មនុស្សម្នា​កំពុង​រីករាយ​ជា​មួយ​រាត្រី​ថ្ងៃ​សៅរ៍​នៅក្នុង​ទីក្រុង​ទោះបីជា​អំពើហិង្សា​បាន​ផ្ទុះឡើង​​បន្ទាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​ក៏ដោយ​។​

​គ្មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការបាញ់ប្រហា​រទាំង​ពីរ​នេះ​ទេ​។​

​វេបសាយ Mlive.com បាន​រាយការណ៍​ថា នៅក្នុង​ការបាញ់ប្រហារ​មួយ​ផ្សេង​ទៀត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ មនុស្ស​បីនាក់​ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​សាហ្គី​ណាវ (Saginaw) រដ្ឋ​មី​ស៊ី​ហ្គែ​ន​។​

​អាជ្ញាធរ​បាន​បន្ថែមថា នៅក្នុង​ការបាញ់ប្រហារ​ទីក្រុង​ឆា​តា​នូហ្គា មនុស្ស​បី​នាក់​បាន​ស្លាប់ និង ១៤ នាក់​បាន​រងរបួស​ដោ​យ​គ្រាប់កាំភ្លើង​ដោយ​បន្ថែម​ថា​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​របួស​​ត្រូវ​គ្រាប់កាំភ្លើង​និង​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយសារ​របួស​ត្រូវ​ឡាន​បុក​ពេល​កំពុង​រត់​គេច​ពី​កន្លែងកើតហេតុ​។​

​មន្ត្រី​រដ្ឋ​ថេន​ណេ​សស៊ី​និយាយថា ជនរងគ្រោះ​បី​នាក់​បាន​រងរបួស ខណៈ​ពួកគេ​ព្យាយាម​រត់គេច ហើយ​ត្រូវ​ឡាន​បុក ដោយ​បន្ថែម​ថា​មនុស្ស​ជាច្រើន​នាក់​ក្នុងចំណោម​អ្នករបួស​កំពុង​ស្ថិត​ក្នុង​ស្ថាន​​ភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ការបាញ់ប្រហារ​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​សម្លាប់​មនុស្ស ១០ នាក់​នៅ​ហាង​លក់​គ្រឿងទេស​មួយ​នៅ​ទីក្រុង​បា​ហ្វ​ហ្វា​ឡូ រដ្ឋ​ញូវយ៉ក ជនរងគ្រោះ ២១​នាក់​នៅ​សាលា​​បឋម​សិក្សា​នៅ​ទីក្រុង​យូ​វ៉ាល់​ដេ រដ្ឋ​តិច​សាស និង​មនុស្ស​បួន​នាក់​នៅ​អគារ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ទូល​សា (Tulsa)​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​។

​អ្នក​តស៊ូ​មតិ​ផ្នែក​សុវត្ថិភាព​កាំភ្លើង​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាម៉េរិក​ចាត់វិធានការ​កាន់តែ​ខ្លាំង​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​កាំភ្លើង​។​

​រហូតមកទល់​ពេលនេះ​មាន​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​យ៉ាងហោច​ណាស់​ចំនួន ២៤០ នៅ​សហរដ្ឋ​អាម៉េរិក​ក្នុងឆ្នាំនេះ នេះ​បើ​យោង​តាម​អង្គការ Gun Violence Archive ដែល​ជា​ក្រុម​ស្រាវជ្រាវ​មិន​រក​ប្រាក់ចំណេញ​។ អង្គការ​បាន​កំណត់​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ នៅពេល​មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​ត្រូវបាន​បាញ់សម្លាប់ ដោយ​មិន​រាប់បញ្ចូល​ជន​បាញ់ប្រហារ​៕

​អ្នក​បាញ់ប្រហារ​ជាច្រើន​នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​ផ្លូវ​ខាងត្បូង (South Street) ដ៏​មមាញឹក​ក្នុង​ទីក្រុង​ហ្វីឡា​ដែល​ហ្វៀ