​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៦ មិថុនា នេះ ពេលវេលា​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នៅ​កម្ពុជា នៅ សល់តែ​រយៈពេល ៣៣៣ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ។​ ចំពោះ​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម វិញ​នោះ នៅសល់ ៣៦២ ថ្ងៃ​ទៀត។

សម្រាប់​ខែ​មិថុនា នេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ ប្រជុំ​ក្រុមប្រឹក្សា កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ​។ កាលពី​ប្រជុំ​លើក​ទី​១ ដែល​ធ្វើ​នៅ​ខេត្តសៀមរាប​នោះ គឺ​ប្រជុំ​ពីថ្ងៃ​ទី​៨ ដល់ ១០ មេសា ដែល​កាលនោះ បណ្ដា​ប្រទេស​ជា​សមាជិក អាស៊ីអាគ្នេយ៍ ទាំងអស់ ឯកភាព​ចំពោះ ការសម្រេចចិត្ត​របស់​កម្ពុជា ក្នុង​ការដាក់ ៣៩ ប្រភេទ​កីឡា សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​ប្រទេស​ជា​សមាជិក​ទាំងអស់ មិនមាន​ប្រទេស​ណាមួយ ជំទាស់​ឡើយ ឬ​មិន​យល់​ពី​ប្រ​​ភេទ​កីឡា ដែល​កម្ពុជា​ដាក់​នោះឡើយ សូម្បីតែ​កីឡា​ប្រពៃណីជាតិ​របស់​កម្ពុជា ដូចជា ល្បុក្កតោ​គុន​ខ្មែរ អុកចត្រង្គ ក៏​មិនមាន​ការជំទាស់​ដែរ ដែល​នេះ​មានន័យថា ប្រទេស​ក្នុង​តំបន់​ទាំងអស់ លើក​កិត្តិយស និង​លើកទឹកចិត្ត ដល់​កម្ពុជា ដែល​ធ្វើ​ម្ចាស់ផ្ទះ ជា​លើកដំបូង ។​

​ចាប់ពី​ខែមិថុនា តទៅ កម្ពុជា​នឹងធ្វើ​ការងារ ដោយ​ស្វ័យភាព ឯករាជ្យភាព​។ ទោះបី​ប្រភេទ​ កីឡា​ខ្លះ ស្ថិតក្នុង​ភាព​បម្រុង​ទុក ក៏ពិតមែន តែ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា កីឡា​អាស៊ីអាគ្នេយ៍ នា​ខែមិថុនា​នេះ អ្វីៗ​នឹងធ្វើ​ការសម្រេច​ជា​ចុងក្រោយ​។

សូមបញ្ជាក់ថា ចំនួន​ប្រភេទ​កីឡា នឹងមាន​ការបន្ថែម មួយចំនួនទៀត នៅក្នុង​ការប្រជុំ លើក​ទី​២ នេះ ។​ ៣៣៣ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម និង ៣៦២ ថ្ងៃ សម្រាប់​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​សូម​ចូលរួម​ស្វាគមន៍​ទាំងអស់គ្នា ៕/V​