​ប្រែ​សម្រួលៈ​បំណង​(ST)៖ អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា បាន​និយាយថា​ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​អោយ​អ៊ុយ​ក្រែន​ទោះ​ជា​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ព្រមាន​ប្រឆាំងនឹង​ការ​​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ក៏ដោយ​។​

​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍​បាន​សម្របសម្រួល​គ្នា​យ៉ាង​ជិតដិត​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​អំពី​ជំនួយ​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​ច្រើន​គ្រាប់ ឬ​MLRS​ដើម្បី​ជួយ​​អ៊ុយ​ក្រែន​ការពារ​ខ្លួន​ទល់នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​យាន​បាញ់​រ៉ុក្កែត M270 ដែល​អាច​វាយប្រហារ​គោល​ដៅ​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ជាមួយនឹង​គ្រាប់​រ៉ុក្កែត​បញ្ជា​​គោលដៅត្រូវចំ​ល្អ នឹង​ជំរុញ​សមត្ថភាព​កងកម្លាំង​អ៊ុយ​ក្រែន​ជាខ្លាំង នេះ​បើ​តាម​ក្រសួង​ការពារ​​ជាតិ​អង់គ្លេស​បាន​ប្រកាស​។​

​អាម៉េរិក​កាលពី​សប្តាហ៍​មុន​បាន​ប្រកាសថា​ខ្លួន​នឹង​ផ្តល់​អោយ​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត​ដែល​គេ​ស្គាល់​ថា​Himars​ដែល​អាច​បាញ់​ចេញ​កាំជ្រួច​ជា​ច្រើន​គ្រាប់​និង​ចំ​គោលដៅ​ល្អ​ជាង​ប្រព័ន្ធ​កាំ​​ភ្លើង​ធំ​និង​រ៉ុក្កែត​ដែល​អ៊ុយ​ក្រែន​កំពុងមាន​។​ទោះជា​យ៉ាងណា ប្រធានាធិបតី ចូ បៃ​ដិន បដិសេធ​មិន​ផ្តល់​ប្រព័ន្ធ​កាំជ្រួច​ឬ​កាំ​ភ្លើង​ធំ​ដែល​អាច​បាញ់​ចូល​ដល់​ទឹកដី​រុស្ស៊ី ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​គៀវបានស្នើ​​សុំ​សព្វាវុធ​ដូច្នេះ​។​

​ទោះ​ជា​កំហិត​យ៉ាង​ដូច្នេះ ចំណាត់ការ​របស់​អាម៉េរិក​នាំ​អោយ​ប្រធានាធិបតី​រុស្ស៊ី កាល​ពី​ថ្ងៃអាទិត្យ​បានព្រមានថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​វាយប្រហារ​គោលដៅ​ថ្មីៗ បើសិនជា​លោក​ខាងលិច​ផ្តល់​កាំជ្រួច​​ដល់​អ៊ុ​យក្រែន និង​បាន​និយាយថា ការផ្តល់​សព្វាវុធ​ថ្មី​ដល់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ គឺពួកគេមានបំណង​«​អូសបន្លាយ​ជម្លោះ​»​។​

​តែ​ក្នុង​ការប្រកាស​ការចូល​រួម​ផ្គត់​ផ្គង់សព្វាវុធ​ទំនើប​ចុងក្រោយ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក បេន វ៉ាល់​ឡេស​(Ben Wallace)​និយាយថា សម្ពន្ធ​មិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែន​ត្រូវ​តែ​រក្សា​​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយ​ក្រែន​ដើម្បី​ធានា​ថា «​អ៊ុយ​ក្រែ​ននឹង​ឈ្នះ​សង្គ្រាម​»​ឈ្លានពាន​របស់​រុស្ស៊ី​។​

​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ននឹង​ហ្វឹកហាត់​ប្រើ​ប្រព័ន្ធ​កាំជ្រួច​នេះ​នៅក្នុង​ទឹកដី​អង់គ្លេស ។

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​អង់គ្លេស​តាំងពី​មុន​មក​បាន​ជួយ​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែន​អស់​ប្រមាណ​៧៥០​លាន​ផោន រួម​ទាំង​ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស កាំជ្រួច​ប្រឆាំង​រថក្រោះ​រាប់​ពាន់​គ្រាប់​​គ្រាប់រំសេវ រថពាសដែក​រាប់រយ​គ្រឿង​និង​គ្រឿង​បរិក្ខា​ផ្សេងៗ​៕

​យាន​បាញ់​រ៉ក្កែត M270​អាច​វាយប្រហារ​គោលដៅ​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ ជាមួយនឹង​កាំជ្រួច​បញ្ជា​នាំ​ទៅកាន់​គោលដៅ​ចំៗ​