ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ដោយ​មើលឃើញ​មុខជំនាញ​វិជ្ជាជីវៈ ពិសេស​ខាង​បច្ចេកវិទ្យា គឺ​កំពុងមាន​តម្រូវការ​ខ្ពស់ ហើយ​ព្រម​ជាមួយគ្នា​យុគសម័យ​បច្ចុប្បន្ន​គេ​មិន​អា​ខ្វះ​បាន​ផង ធ្វើឱ្យ​យុវជន​កម្ពុជា​មួយចំនួន​បាន​ស្វែងរក​ចំណេះ​ជំនាញ​លើ​មុខជំនាញ​បច្ចេកវិទ្យា​បើទោះបីថា​ត្រូវ​ចំណាយ​ថវិការ​ឬក៏​អត់​ក្តី​។​

កំពុង​សិក្សា​វគ្គរៀន​ដោយ​ឥតគិតថ្លៃ តាមរយៈ​ការបណ្តុះបណ្តាល ផ្នែក​មុខជំនាញ​ថតរូប​ភាព និង​កាត់ ត វីដេអូ​’ របស់​អង្គការ​ភី​ស៊ូ​ន​អា​នុម​ម៉ា​អ៊ី​ល (Bysonanummaul) របស់​ប្រទេស​កូរ៉េ កញ្ញា ធានី និស្សិត​មកពី​ខេត្តកំពង់ចាម បានឱ្យដឹងថាៈ កញ្ញា បានមក​ចូល រៀន​វគ្គ​បណ្តុះបណ្តាល ពី​របៀប​ប្លង់​ថតរូប​ភាព​កាត់ ត វីដេអូ​នេះ ដើម្បី​ស្វែងរក​ចំណេះ លើ​បច្ចេកវិទ្យា​ថ្មីៗ បន្ថែមទៀត ដែល​អាចជួយ ក្នុងការ​ពង្រឹងសមត្ថភាព ក្នុង​ការងាយ​រក ទីផ្សារការងារ​។​

​កញ្ញា​រូបនេះ បានបញ្ជាក់​បន្ថែមថាៈ សម្រាប់​មុខជំនាញ​ថតរូប និង​កាត់ ត វីដេអូ​នេះ មិន​ត្រឹមតែ​អ្នកធ្វើការងារ​ទូទៅ​ទេ សូម្បីតែ​អ្នក​ប្រកប​របរ​រកស៊ី ក៏ត្រូវ​ចេះ​ដែរ ពីព្រោះថា វា​អាចជួយ​សម្រួល​ឱ្យ​ងាយ​ទំនាក់ទំនង​ទីផ្សារ បើ​ពុំ​នោះទេ ដើរ​មិនទាន់​គេ​ឡើយ​។​

​ដោយឡែក កញ្ញា សុជាតា ដែល​បានមក​រៀន​មុខជំនាញ​នេះដែរ បាន​ប្រាប់​ឱ្យដឹងថាៈ កញ្ញា បាន​ស្វែងរក​រៀន​មុខជំនាញ បែបនេះ​យូរហើយ ហេតុនេះ បាន​ចូលរៀន​វគ្គ​នេះ គឺជា​ចំណង់​ចំណូលចិត្ត ហើយ​សង្ឃឹមថា អាច​នឹង​ជួយ​ដល់​ការងារ នៅ​ថ្ងៃ​ខាងមុខ​។​

​ជាមួយគ្នានេះ យុវជន​មួយរូប​ឈ្មោះ ចាន់ រិទ្ធី​បានឱ្យដឹង​ដែរ​ថាៈ ការសិក្សា​ផ្នែក​បច្ចេកវិទ្យា ពិតជា​មិនអាច​ខ្វះ​បាន ក្នុង​យុគសម័យ​បច្ចុប្បន្ន​។ យុវជន​គ្រប់រូប ចាំបាច់​ត្រូវ​ចេះ​បង្កើន ចំណេះ​ជំនាញ ពីព្រោះថា បច្ចុប្បន្ន មិនអាច​ខ្វះ​បានឡើយ​នូវ មុខជំនាញ​បច្ចេកវិទ្យា ជាដាច់ខាត​។​

​ប្រធាន​អង្គការ ភី​ស៊ូ​ន​អា​នុម​ម៉ា​អ៊ី​ល អ្នកស្រី លី ជី​ហ៊ី (Lee Jehee) បានឱ្យដឹងថាៈ អង្គការ​អ្នកស្រី បាន​ចូលមក​ប្រទេស​កម្ពុជា កន្លងមក បានធ្វើការ​បង្ហាត់បង្រៀន ដល់​យុវជន​កម្ពុជា ជាច្រើន​នាក់​។ ដូចជា​លើក​នេះ បាន​បណ្តុះបណ្តាល​យុវជន លើ​មុខជំនាញ​ថតរូប និង​កាត់ ត វីដេអូ ដោយ​ឥតគិតថ្លៃ​ជាដើម​។​

​អ្នកស្រី បាន​បន្ត​ឱ្យដឹងថាៈ ក្នុង​កម្មវិធី​រៀន​វគ្គ​បណ្តុះបណ្តាល​នេះ និស្សិត​កម្ពុជា នឹង​បាន​ផ្លាស់ប្តូរ បទពិសោធន៍ តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​និស្សិត នៅ​ប្រទេស​កូរ៉េ ដើម្បី​ចែករំលែក​ពីបទ​ពិសោធន៍ និង​របៀប​រៀន​មុខជំនាញ មួយ​នេះ​ទៀតផង​។​

​អ្នកស្រី បាន​បន្ត​ឱ្យដឹងថាៈ ការបណ្តុះបណ្តាល លើ​មុខជំនាញ កាត់ត​វីដេអូ​នេះ គ្រូ​នឹង​បង្ហាត់ បង្ហាញ ពី​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​វីដេអូ ក្នុងនេះ​ដូចជា ធ្វើការ​លើ​ការផលិត​រឿង​ភាគ និង​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ក្នុងប្រទេស​កម្ពុជា ។ និស្សិត អាច​នឹង​ប្រើប្រាស់ មុខជំនាញ​មួយ​នេះ សម្រាប់​ការងារ​ប្រចាំថ្ងៃ ឬ​តាម​ចំណង់​ចំណូលចិត្ត​របស់គេ ដូចជា​ប្រើ​ក្នុង យូ​ធូប (YouTube) ជាដើម​។​

​គួរ​បញ្ជាក់ថា អង្គការ​ភី​ស៊ូ​ន​អា​នុម​ម៉ា​អ៊ី​ល (Bysonanum maul) ត្រូវបាន​បង្កើតឡើង ក្រោម​យុត្តាធិការ​របស់ ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ ជា​អង្គការក្រៅរដ្ឋាភិបាល ដែល​ចូលរួម ក្នុង​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អន្តរជាតិ ដោយ​ភាគច្រើន ផ្តល់​ការគាំទ្រ ផ្នែក​អប់រំ ជំនួយសម្ភារៈ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ស្វែងរក​វិធីសាស្ត្រ​កំណើន​ក្នុងស្រុក ដោយ​សហការ​ជាមួយ សហគមន៍​មូលដ្ឋាន​។ អង្គការ​មួយ​នេះ បាន​អនុវត្ត​គម្រោង ក្នុងប្រទេស​កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី នេ​ប៉ាល់ និង​ទ្វីបអាហ្វ្រិក ហើយ​សាខា​កម្ពុជា គឺមាន​ទីតាំងនៅ​ខេត្តតាកែវ​៕/V​