ដោយៈ សម្បត្តិ / ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បានបញ្ជាក់​ថាៈ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ តម្លាភាព និង​សេរីភាព គ្មាន​ការបង្ខិតបង្ខំ ដោយ​ប្រជាពលរដ្ឋ បាន​បោះឆ្នោត ទៅតាម​ឆន្ទៈ​របស់​ពួកគាត់ ។​

​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​បន្ថែមថាៈ បើ​ប្រៀបធៀប​ការបោះឆ្នោត នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​មួយចំនួន គឺមាន​ភាពខុសគ្នា ដោយ​ប្រទេស​ខ្លះ មានការ​ប្រើប្រាស់​អំពើហិង្សា ព្រោះ​ការប្រកាន់​និន្នាកា​ផ្សេងៗ​គ្នា ចំណែក​កម្ពុជា ប្រជាពលរដ្ឋ ចូលរួម​ក្នុងការ​បោះឆ្នោត យ៉ាង​ផុសផុល ដោយ​សេរី សន្តិភាព និង​យុត្តិធម៌ ។​

 

​ជាមួយគ្នា​នោះ ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ក៏​សូម​វាយតម្លៃ​ខ្ពស់ និង​ចូលរួម​អបអរសាទរ ចំពោះ​ប្រទេស​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ដោយ​ជោគជ័យ ដែល​បង្ហាញឱ្យឃើញថា កម្ពុជា ជា​ប្រទេស ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ មាន​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញ​ឆន្ទៈ ដើម្បី​ជ្រើសរើស គណបក្ស ដែល​ខ្លួន​ពេញចិត្ត ក្នុង​ការបន្ត​អភិវឌ្ឍន៍​មូលដ្ឋាន និង​ប្រទេសជាតិ​របស់ខ្លួន ។​

​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​សង្កត់ធ្ងន់ថាៈ ជាងនេះទៅទៀត ទឹកខ្មៅ​ជ្រលក់​ដៃ លុប​មិន​ជ្រះ គឺ​បានបង្ហាញ​ឱ្យឃើញ ពី​សក្ខីភាព​មួយ ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​របស់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ហើយ​បើសិនជា​ប្រទេស​កម្ពុជា អាច​រៀបចំ​ការបោះឆ្នោត តាម ២ របៀប ស្របទៅតាម​បច្ចេកវិទ្យា ដោយ​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្រៅប្រទេស អាច​បោះឆ្នោត​បាន​ទៀត​នោះ គឺ​កាន់តែ​ល្អ ។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ថ្ងៃទី​៥ ខែមិថុនា មាន​ប្រជាពលរដ្ឋ ៧៧,៩១ ភាគរយ ស្មើនឹង​ជាង ៧,១ លាន​នាក់ បានមក​ចូលរួម​បោះឆ្នោត ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ជាង ៩,២ លាន​នាក់ ។ ការបោះឆ្នោត​នេះ មានការ​ចូលរួម​សង្កេតការណ៍ ដោយ​បណ្តា​ស្ថាប័ន អង្គការ សហគមន៍​ចំនួន​៧២ និង​សហគមន៍​អន្តរជាតិ ចំនួន​១៩ ព្រមទាំង​មាន​ភ្ញៀវ​ពិសេស ចំនួន​៥ ស្ថាប័ន​ផងដែរ ក្នុងនោះ​មាន ស្ថានទូត​ជប៉ុន អូស្ត្រាលី និង​រុស្ស៊ី ជាដើម​៕/V​