​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អាជ្ញាធរ​បង់​ក្លា​ដែស​នៅត្រឹមថ្ងៃ​ចន្ទទី​៦​មិថុនា​នេះ​នៅ​ខិតខំ​ស្វែងរក​មូលហេតុ​នៃ​អគ្គិភ័យ​ដ៏​ហិនហោច​ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​៤៩​នាក់​រួម​ទាំង​បុគ្គលិក​ពន្លត់​​អគ្គិភ័យ​ចំនួន​ប្រាំបួន​នាក់ និង​បង្ក​ការ​របួស​ជាង​១០០​នាក់​នេះ​នៅឡើយ នៅពេល​អ្នកជំនាញការ​បារម្ភ​អំពី​ស្តង់ដា​សុវត្ថិភាព​នៅក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​។​

​កិច្ចខិតខំ​ពន្លត់ភ្លើង​នៅ​ឃ្លាំង​កុង​តេនឺ BM Inland Container Depot​ត្រូវ​បាន​បន្ត​ធ្វើ​កាលពី​យប់​ថ្ងៃអាទិត្យ​បន្ទាប់​ពី​អគ្គិភ័យ​បាន​ចាប់ផ្តើម​កាលពី​ពាក់កណ្តា​លយប់​ថ្ងៃសៅរ៍ ក្រោយ​ការផ្ទុះ​​បន្តបន្ទាប់​នៅក្នុង​កុងតេ​នឺ​មួយដែល​ផ្ទុក​សារធាតុ​គីមី​។​

​ពួក​មន្ត្រី​បាន​និយាយថា ចំនួន​ជនរងគ្រោះ​បាន​កើនឡើង​កាលពី​ចុង​សប្តាហ៍​នៅ​ពេល​កម្មករ​ជាច្រើន​និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​មិន​បាន​ដឹងថា​មាន​សារធាតុ​គីមី​ស្តុក​ទុក​ក្នុង​ឃ្លាំង​កើតហេតុ និង​បន្ទាប់​​ពី​ការឆេះ​ដំបូងពួកគេ​នាំគ្នា​ចូល​ទៅ​ជិត​កុងតេ​នឺ​ដើម្បី​ពន្លត់ភ្លើង​។​កម្មករ​និង​បុគ្គលិក​អគ្គិភ័យ​ប៉ុន្មាន​រយ​នាក់​បាន​ព្យាយាម​ពន្លត់ភ្លើង​នៅពេល​ការផ្ទុះ​ដំបូង​កើតឡើង​។​

​ឃ្លាំង​កើតហេតុ​នេះ​តាំង​នៅ​ក្បែរ​កំពង់ផែ​សមុទ្រ​ជី​ត​តា​ហ្គុ​ង​(Chittagong)​ដ៏​ធំ​របស់​ប្រទេស និង​នៅ​ចម្ងាយ​ប្រមាណ​២១០​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​រដ្ឋធានី​ដា​ក្កា ។​អគ្គិភ័យ​ឃ្លាំង​កុងតេ​នឺចុង​ក្រោយនេះ​​បាន​បង្ក​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ថា​តើ​ទីតាំង​ដូច្នេះ​នៅ​បង់​ក្លា​ដែស មាន​ស្តង់ដា​សុវត្ថិភាព​ដែរ​ឬ​អត់​។​

​ខាយ​រុល អា​ឡា​ម ស៊ូ​ចាន​(Khairul Alam Sujan) អនុប្រធាន​សមាគម​ដឹកជញ្ជូន​បង់​ក្លា​ដែស បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​កុង​តេនឺ​ដាក់​សារធាតុ​គីមី​គ្រោះថ្នាក់​ត្រូ​វ​គេ​ស្តុក​ទុក​នៅ​លាយឡំ​​ជាមួយ​ផលិផល​វាយនភណ្ឌ​សំរាប់​នាំចេញ​។​«​សំខាន់​ត្រូវ​ដាក់កុង​តេនឺ​ផ្ទុក​សារធាតុ​គីមី​គ្រោះថ្នាក់​នៅ​ឆ្ងាយ​ពី​គេ​»​។​

​បុគ្គលិក​អគ្គិភ័យ​ខិតខំ​ពន្លត់ភ្លើង​នៅ​ឃ្លាំង​កុងតេ​នឺក្នុង​ទីក្រុង​ជិតតា​ហ្គុ​ង​កាលពី​ថ្ងៃអាទិត្យ ខណៈ​ធុង​ផ្ទុក​សារធាតុ​គីមី​បាន​ផ្ទុះ​ចេញពី​កុង​តេនឺ​

​ពួក​បុគ្គលិក​អគ្គិភ័យ​បាន​និយាយថា កុងតេ​នឺលើ​សពី​មួយ​បាន​ផ្ទុក​សា​ធាតុ អ៊ីដ្រូសែន ប៉េ​រ៉ូស៊ី​ដ​(hydrogen peroxide)​ដែល​បាន​ជួយ​អោយ​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ក្រោយ​ការផ្ទុះ តែ​គេ​មិនទាន់​ដឹង​​ថា​អ្វី​បង្ក​អោយ​វា​ផ្ទុះ​នៅឡើយទេ។​

​អង្គការ​ពលកម្ម​អន្តរជាតិ​ILO​បាន​និយាយ​នៅក្នុង​របាយការណ៍​ឆ្នាំ​២០២០​មួយ​ថា សុវត្ថិភាព​ឧស្សាហកម្ម​នៅ​បង់​ក្លា​ដែស​កំពុង​នៅក្នុង​ដំណាក់កាល​ចាប់ផ្តើ​ម​ដំបូង​មួយ និង​ត្រូវ​មាន​រចនា​សម្ពន្ធ​គ្រប់គ្រង​​សុវត្ថិភាព​ឧស្សាហកម្ម​ដែល​អាច​ជឿ​ទុកចិត្ត​និងបែប​ទទួលខុសត្រូវ​មួយ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​ចាប់ផ្តើម​ប្រមូល​សំណាក​DNA​មក​ពី​សមាជិក​គ្រួសារ​អ្នក​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ ដោយសារ​សាកសព​ជាច្រើន​ឆេះ​រហូត​មើល​លែង​ស្គាល់​។​អ្នកជំនាញ​គ្រឿងផ្ទុះ​ទៅ​ពី​យោធា​បង់​ក្លា​ដែស​​ក៏​ត្រូវបាន​អញ្ជើញ​អោយទៅជួយ​បុគ្គលិក​អគ្គិភ័យ​។​ការផ្ទុះ​ក៏បាន​បំបែក​កញ្ចក់​អាគារ​ក្បែរ​ខាង​និង​អាច​អោយ​គេ​ឮ​នៅ​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​វា​។

​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ សាកសព​មនុស្ស​ស្លាប់​ដោយ​អគ្គិភ័យ​នៅ​ឃ្លាំង​កុងតេ​នឺចំនួន៤៩ត្រូវ​បានរក​ឃើញ តែ​អាច​កើនឡើង​

​ជនរងគ្រោះ​រាប់សិប​នាក់​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​មន្ទីរពេទ្យ​ឯកទេស​មួយ​នៅក្នុង​រដ្ឋធានី​ដា​ក្កា

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​សេក ហា​ស៊ីណា (Sheikh Hasina)​បាន​សម្តែង​ការ​រន្ធត់ចិត្ត​ចំពោះ​ឧបទ្ទវហេតុ​នេះ និង​បញ្ជា​អោយមាន​ការព្យាបាល​អ្នក​រងរបួស​អោយ​ហ្មត់ចត់​។​

​បង់​ក្លា​ដែល​មាន​ប្រវត្តិ​គ្រោះថ្នាក់​ឧស្សាហកម្ម​ជា​បន្តបន្ទាប់ រួម​មាន​អគ្គិភ័យ​បណ្តាល​អោយ​ជាប់​កម្មករ​នៅក្នុង​រោងចក្រ​។​ប្រទេស​នេះ​ជា​ប្រភព​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​ដ៏​ធំ​ដោយ​ជួល​កម្មករ​ដល់​ទៅ​៤​លាន​​នាក់​។

​កាលពី​ឆ្នាំ​២០១២ កម្មករ​ប្រមាណ​១១៧​នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅ​ក្រុង​ដា​ក្កា​។​គ្រោះថ្នាក់​ឧស្សាហកម្ម​ដ៏​អាក្រក់​បំផុត​បាន​កើតឡើង​នៅ​មួយ​ឆ្នាំ​ក្រោយមក នៅពេល​​រោងចក្រ​កាត់ដេរ​មួយ​នៅ​ក្រៅ​ក្រុង​ដា​ក្កា​បានរ​លំបាក់​សម្លាប់​មនុស្សជាង​១.១០០​នាក់​។​

​នៅ​ឆ្នាំ​២០១៩ អគ្គិភ័យ​នៅ​តំបន់​មនុស្ស​រស់​នៅ ហាង​និង​ឃ្លាំង​មួយ​នៅ​ដា​ក្កា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦៧​នាក់ និង​អគ្គិភ័យ​មួយទៀត​នៅ​ទីតំបន់ក្រុង​ដា​ក្កា​ចាស់​បាន​សម្លាប់​មនុស​កស​១២៣​នាក់​នៅ​ឆ្នាំ​២០១០​។​នៅ​ឆ្នាំ​២០២១ អគ្គិភ័យ​មួយ​នៅ​ក្រៅ​ក្រុង​ដា​ក្កា បាន​សម្លាប់​មនុស្ស​៥២​នាក់​ទៀត​៕