​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​០៦​មិថុនា​នេះ​បាន​និយាយថា យន្តហោះ​យោធា​កា​ណា​ជាច្រើន​បាន​បង្កើន​ការហោះ​ឈ្លបយកការណ៍​និង​បង្ករឿង​ប្រឆាំង​ចិន ដោយ​បង្ក​​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន​។​

​ក្រសួង​បាន​និយាយថា ខ្លួន​ប្រឆាំង​នឹង​អំពើ​បង្ក​រឿង​របស់​កាណាដា​។​

​អ្នកនាំពាក្យ​ក្រសួង​លោក​វូ គៀន​(Wu Qian)​បាន​និយាយថា យោធា​ចិន​បាន​ចាត់​វិធានការ​សម​ហេតុផល​ដើម្បី​ដោះស្រាយ​ជាមួយនឹង​អំពើ​របស់​កាណាដា និង​បាន​ធ្វើ​ការតវ៉ា​តាម​បណ្តាញ​ការទូត​។​

​យោធា​កាណាដា​កាលពី​សប្តាហ៍​មុន​បាន​ចោទប្រកាន់​យន្តហោះ​ចម្បាំង​ចិន​ថា​រំខាន​យន្តហោះ​ល្បាត​របស់ខ្លួន នៅ​ពេល​ពួក​វា​ឃ្លាំ​មើល​ការ​គេចវេស​ទណ្ឌកម្ម​របស់​កូរ៉េខាងជើង ដោយ​ពេលខ្លះ​ត្រូវ​បង្ខំ​អោយ​​យន្តហោះ​កាណាដា​ងាក​ចេញពី​ផ្លូវ​ហោះ​របស់ខ្លួន​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក៏​បាន​វាយបក​លើ​ការចោទប្រកាន់​របស់​អូស្ត្រាលី​ផង​ដែរ​ចំពោះ​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​។​រដ្ឋាភិបាល​ទីក្រុង​កង់​បេរ៉ា​បាន​អះអាង​ថា យន្តហោះ​យោធា​ចិន​បាន​ហោះ​មក​ស្ទាក់ផ្លូវ​​យន្តហោះ​ឈ្លបយកការណ៍​របស់ខ្លួន​«​ក្នុង​របៀប​គ្រោះថ្នាក់​បំផុត​»​។​

​អូស្ត្រាលី​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា​យន្តហោះ​RAAF P-8A Poseidon​របស់ខ្លួន បាន​កំពុង​ហោះ​ស៊ើបការណ៍​លើ​សមុទ្រ​ចិន​ខាងត្បូង នៅពេល​យន្តហោះ​J-16​របស់​ចិន​មួយ​ហោះ​មក​ស្ទាក់​មុខ​​កាលពី​ថ្ងៃ​២៦​ឧសភា​។​រដ្ឋមន្ត្រី​ការពារជាតិ រី​ឆាត ម៉ាលី​ស​(Richard Marles)​បាន​វាយប្រហារ​រិះគន់​វា​ថា​ជា​«​ល្បិច​ហោះ​ដ៏​គ្រោះថ្នាក់​»​មួយ នៅ​ពេល​នាយក​រដ្ឋមន្ត្រី អ៊ែន​ថូ​នី អាល់​បាន​នី​ស​( Anthony Albanese )​សម្តែង​ការព្រួយបារម្ភ​ដោយ​ផ្ទាល់​ជាមួយ​ចិន​។​

​បើ​តាម​សារព័ត៌មាន​លោកខាងលិច ឧបទ្ទវហេតុ​នេះ​បង្ហាញ​យន្តហោះ​J-16 ហោះចូល​ពាំងមុខ​យន្តហោះ​P-8A​ក្នុង​ចម្ងាយ​ដ៏​ជិត​និង​បាន​បញ្ចេញ​បន្ទះ​អាលុយមីញ៉ូម​ចូល​ក្នុង​ម៉ាស៊ីន​យន្តហោះ​អូស្ត្រាលី​។​

​តែ​កាសែត​The Global Times​ដែល​ជា​អង្គភាព​ឃោសនា​របស់​បក្ស​កុំម្មុយនីស្ត​ចិន បាន​ចេញផ្សាយ​បទ​អត្ថាធិប្បាយ​មួយ​ដោយ​ចោទប្រកាន់​អូស្ត្រាលី​ថា ប្រព្រឹត្ត​ដូចជា​«​ក្មេង​ចូលចិត្ត​សម្លុត​រករឿង​​គេ​»​។​កាសែត​អះអាងថា រដ្ឋាភិបាល​អូស្ត្រាលី​ខកខាន​មិន​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​អំពី​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​«​ឧទាហរណ៍ កន្លែង​ដែល​កើត​មាន​ការប្រឈមមុខ​គ្នា សួរថា​តើ​​វា​នៅ​ចម្ងាយ​ប៉ុន្មាន​ពី​កោះ​របស់​ចិន​នៅក្នុង​តំបន់​នោះ​? តើ​គោលបំណង​របស់​គេ​ជា​អ្វី​? លើសពីនេះ​ទៀត តើ​យន្តហោះ​យោធា​អូស្ត្រាលី​ធ្វើ​អ្វី​មុនពេល​ត្រូវ​យន្តហោះ​ចិន​ស្ទាក់ផ្លូវ​?»​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​លោក រី​ឆាត ម៉ាលី​ស បាន​និយាយថា ការហោះ​ឈ្លបយកការណ៍​លើ​សមុទ្រ​ចិន​ខាងត្បូង​ជា​«​សិទ្ធិ​របស់​យើង​ទាំងស្រុង​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​»​។​

​យន្តហោះ​RAAF P-8A Poseidon​របស់​អូស្ត្រាលី បាន​កំពុង​ហោះ​ស៊ើបការណ៍​លើ​សមុទ្រ​ចិន​ខាងត្បូង នៅពេល​យន្តហោះ​J-16​របស់​ចិន​មួយ​ហោះ​មក​ស្ទាក់​មុខ​កាលពី​ថ្ងៃ​២៦​ឧសភា​

​រដ្ឋមន្ត្រី​ការពារជាតិ រី​ឆាត ម៉ាលី​ស(ស្តាំ)បាន​វាយប្រហារ​រិះគន់​អំពើ​របស់​យន្តហោះ​ចិន​

​បើ​តាម​សារព័ត៌មាន​ចិន​មួយ​នេះ វា​ជា​ការស្រែក​ប្រកាស​ចុងក្រោយ​បំផុត​មួយ​របស់​អូស្ត្រាលី ក្នុង​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​ចោទប្រកាន់​ចិន​ដោយ​គ្មាន​មូលដ្ឋាន​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​១៧​កុម្ភៈ កងកម្លាំង​យោធា​អូស្ត្រាលី​បាន​និយាយថា នាវា​កងទ័ពជើងទឹក​ចិន​មួយ​បាន​បាញ់​ឡា​ហ្សែ​រសំ​ដៅ​យន្តហោះ P-8A Poseidon​នៅពេល​វា​ហោះ​លើ​ដែនទឹក​អូស្ត្រាលី​។​តែ​The Global Times បាន​អះអាង​ថា មាន​ភស្តុតាង​បញ្ជាក់ថា​P-8A​បាន​ហោះ​កៀក​នឹង​នាវា​របស់​ចិន​ពេក និង​ថា​យោធា​អូស្ត្រាលី​បាន​ក្លាយជា​អ្នក​អាជីព​ខាង​គំរាម​តវ៉ា​។​

​តាមពិត​ប្រទេស​ទាំង​ពីរ​មិន​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ទេ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែ​អូស្ត្រាលី​ចាប់​ដៃ​ជាមួយ​អាម៉េរិក ឥណ្ឌា​និង​ជប៉ុន​មក​ប្រឆាំង​ចិន​ហើយ​ទាមទារ​អោយ​មាន​ការ​ស៊ើប​​អង្កេត​អន្តរជាតិ​រក​ប្រភព​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​ទៀតផង​។​

​កាលពី​ខែ​តុលា​ឆ្នាំ​២០២០ ចិន​បាន​ដាក់​បំរាម​លើ​ការ​នាំចូល​កប្បាស់​និង​ធ្យូងថ្ម​អូស្ត្រាលី និង​មួយ​ខែ​ក្រោយ ស្ករស ស្រូវ​បា​ឡេ បង្កង ស្រា ទង់ដែង​និង​ឈើ​អូស្ត្រាលី​ក៏​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​នេះ​​ទៀត​។​

​ក្រុមហ៊ុន​កែច្នៃ​សាច់​អូស្ត្រាលី​ចំនួន​៦​ត្រូវ​បាន​ហាម​មិន​អោយ​នាំ​សាច់​ចូល​ចិន​ទៀត ។​អូស្ត្រាលី​ប្តឹងទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចំពោះ​ការយកពន្ធ​៨០,៥​ភាគរយ​លើ​ស្រូវ​បាឡេ​របស់ខ្លួន​។​នៅ​ឆ្នាំ​២០២១ ចិន​បាន​វាយ​ពន្ធ​១១៦,២​ភាគរយ​លើ​ស្រា​អូស្ត្រាលី ដែល​ធ្វើអោយ​វា​ថ្លៃ​ពេក​សំរាប់​អតិថិជន​ចិន ៕