​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក អ៊ែន​ថូ​នី អាល់​បា​នី​ស (Anthony Albanese) កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា បាន​សម្លឹង​មើល​ទៅ​បញ្ហា​ហួស​ពី​តំបន់​ដែល​ជា​ផ្នែក​​សំខាន់​នៃ​ការធ្វើដំណើរ​របស់​លោក​ទៅ​ក្រៅប្រទេស ដោយ​លើកកម្ពស់​សារៈសំខាន់​នៃ​ការកសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ​ជាមួយ​ប្រទេស​ជិតខាង​ឥណ្ឌូនេស៊ី​។​

​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​លើក​ទី​ពីរ​របស់​លោក​អាល់​បា​នី​ស​ចាប់តាំងពី​ការ​ឡើងកាន់​តំណែង​រប​ស់លោក​កាលពី​ពីរ​សប្តាហ៍​មុន ហើយ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ដែល​អូស្ត្រាលី​ដាក់​ទៅ​លើ​ទំនាក់ទំនង​ដែល​ពេល​ខ្លះ​ប្រេះស្រាំ​របស់​ខ្លួន​ជាមួយ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​ជិតខាង​ដ៏​ជិត​បំផុត​របស់​ខ្លួន​។​

​លោក​អាល់​បា​នី​ស​បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​ប្រទេស​ទាំង​ពីរ​ដោយ​បង្ហាញ​ពី​មហិច្ឆតា​របស់​ពួកគេ​ក្នុង​ការប្រើប្រាស់​កាន់តែ​ប្រសើរឡើង​នូវ​​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ឥណ្ឌូនេស៊ី​-​អូស្ត្រាលី​។ ពួកគេ​ក៏​បាន​ពិភាក្សា​អំពី​សំណើ​មូលនិធិ​អាកាសធាតុ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ២០០​លាន​ដុល្លារ​អាម៉េរិក​របស់​អូស្ត្រាលី​​ជាមួយ​ឥណ្ឌូនេស៊ី​ផងដែរ​។​

​បន្ទាប់ពី​ជួប​ជាមួយ​លោក​វី​ដូ​ដូ លោក​អាល់​បា​នី​ស​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ថា ឥណ្ឌូនេស៊ី​កំពុងស្ថិត​នៅ​លើ​ផ្លូវ​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ប្រាំ​របស់​ពិភពលោក​។​

​លោក​អាល់​បា​នី​ស​បាន​និយាយថា “​ការសម្រេចបាន​នូវ​ទំនាក់ទំនង​វិនិយោគ​របស់​យើង​គឺ​ជា​អាទិភាព​មួយ​សម្រាប់​រដ្ឋាភិបាលរ​បស់​ខ្ញុំ​ហើយ​វា​ជា​មូលហេតុ​ដែល​ពួក​យើង​មាន​គម្រោង​ធ្វើការ​ជាមួយ​ឥណ្ឌូ​​នេ​ស៊ី ដើម្បី​សម្រេច​សក្តានុពល​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​របស់​ឥណ្ឌូនេស៊ី​-​អូស្ត្រាលី​”​។​

​លោក​ក៏​បាន​ផ្តល់​ការជួយ​របស់​អូស្ត្រាលី​ដើម្បី​រចនា​និង​សាងសង់​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី ដែល​នឹង​រើ​ទីតាំង​ពី​ទីក្រុង​ហ្សា​ការតាទៅ​កាន់កោះ​ប័រណេ​អូ (Borneo) ផងដែរ​ហើយ​បាន​សន្យាថា​នឹង​ផ្តល់​​ប្រាក់​បន្ថែមចំនួន ៤៧០ លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ដើម្បី​គាំទ្រ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ទ្វេភាគី​និង​តំបន់​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​៕

លោក​វី​ដូ​ដូ​និង​លោក​អាល់​បា​នី​ស​ផ្តល់​បទសម្ភាសន៍​នៅ​ទីក្រុង​បូ​ហ្គ័​រ ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា​២០២២