ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់តាំងពីយុទ្ធនាការឃោសនា រហូតដល់ការបោះឆ្នោត មានភាពរលូន ដែលទាំងនេះ កើតចេញពីការត្រៀមលក្ខណៈ ទាំងបេក្ខជនឈរឈ្មោះ របស់គណបក្សនយោបាយ និងទាំងប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។ នេះជាការបញ្ជាក់របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញទៅបោះឆ្នោត នៅការិយាល័យសាលាបឋមសិក្សាព្រៃវែងក្រុង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា: ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត លោកបានទន្ទឹងរង់ចាំការបោះឆ្នោតមកដល់ អ៊ីចឹងខ្ញុំគិតថា ពួកគាត់ត្រៀមលក្ខណៈ ទាំងការត្រៀមពីប្រជាពលរដ្ឋផង ទាំងការត្រៀមពីបុគ្គល ជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវឈរឈ្មោះតតាំងគ្នា នៅអាណត្តិទី៥ នេះ គឺសុទ្ធតែត្រៀមលក្ខណៈបានល្អគ្រប់ៗគ្នា។ ដូច្នេះហើយបានជាមកដល់ពេលនេះ ទូទាំងប្រទេស មិនទាន់មានសកម្មភាព[មិនប្រក្រតីណាមួយ] គួរឱ្យកត់សម្គាល់នោះទេ ។

លោកបានលើកឡើងថា: ជាការពិត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា មានរយៈពេល ២០ឆ្នាំ មកហើយ ប៉ុន្តែរយៈពេលនេះ ហាក់នៅក្មេងខ្ចីនៅឡើយ សម្រាប់ដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅកម្ពុជា។ លោកគិតថា: យើងត្រូវតែបន្តធ្វើការងារនេះទៀត ដើម្បីគោលដៅមួយធំបំផុត ដែលយើងចង់បាន គឺថែរក្សាសុខសន្តិភាព ហើយជាពិសេសស្ថិរភាពនយោបាយ និងផ្ដល់នូវការសម្រេចចិត្ត នៅថ្នាក់ក្រោមជាតិ ឱ្យបានច្រើន។

បើតាមរបាយការណ៍ផ្លូវការ នៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលទទួលបានពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្រ្តី មានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕/V