ដោយៈចាន់តូ/ភ្នំពេញ៖យុវជនបីនាក់ជាសិស្សបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបង្ហោះដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុនិងពីរនាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ប្រភពព័ត៌មានបញ្ជាក់ថាមុនពេលកើតហេតុគេបានឃើញយុវសិស្សបីនាក់ជិះម៉ូតូហុងដាប៊ីតពាក់ផ្លាកលេខ ភ្នំពេញ 1HD​-1890ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនបានបង្ហោះរួចក៏ជ្រុលចង្កូតទៅបុកចំហៀងខាងស្តាំរថយន្តប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខធ្វើដំណើតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យខ្ទាតបោកខ្ទប់ទៅនឹងរថយន្តយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនិងពីរនាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕សរន