ភ្នំពេញៈ លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​នៃ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​នេះ​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២២​គឺមាន​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ​បាន​ចេញទៅ​បោះឆ្នោត ដែល​នេះ​បង្ហាញថា ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅក្នុង​ប្រទេស កម្ពុជា ដែល​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ចេញទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង​នៅ​ថ្នាក់ឃុំ សង្កាត់ ជាពិសេស​ដើម្បី​ជ្រើសរើស​មេឃុំ ចៅសង្កាត់​ក្នុង​អាណត្តិ​ទី​៥​សម្រាប់​បម្រើសេវា​រដ្ឋបាល​មូលដ្ឋាន​ដល់​ពួកគាត់ រស់នៅក្នុង​ឃុំ​សង្កាត់​នីមួយៗ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ សួន សេរីរដ្ឋា (រូបថតឯកសារ)

​លោក​បាន​បញ្ជាក់ថា “​ការ​ចេញទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង ៨០%​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ភាពចាស់ទុំ មាន​ភាពរឹងមាំ ហើយ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​ប្រព័ន្ធ​បោះឆ្នោត មាន​សេរី យុត្តិធម៌ ត្រឹម ត្រូវ ដែល​ប្រជាពលរដ្ឋ​ដឹង​ច្បាស់​អំពី​យន្តការ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ស្គាល់​ច្បាស់​អំពី​អំណាច​របស់ខ្លួន គឺជា​ម្ចាស់​នៃ​សន្លឹកឆ្នោត​ដែលជា​អ្នកសម្រេច​ជោគវាសនា​របស់​អ្នកនយោបាយ អ្នកតំណាង​គណបក្សនយោបាយ​នៅ​ថ្នាក់មូលដ្ឋាន​។ ដូច្នេះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​បែបនេះ គឺមាន​ទំនុក​ចិត្តខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង អីចឹង​ហើយ​បានជា​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨០% បាន​ចេញទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​តំណាង​គណបក្ស​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​រហូត​ទៅដល់​១៧​គណបក្ស នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២”​។​

​បើតាម​ឯកឧត្តម សោម សូ​រី​ដា អ្នកនាំពាក្យ គជប បានបញ្ជាក់​ប្រាប់ AMS ថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​មាន​ចំនួន ៧.៣៨២.៤៤៩​នាក់ ស្មើនឹង ៨០,១៩​ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៩.២០៥.៦៨១​នាក់ ។ ចំណែកឯ​សន្លឹកឆ្នោត​បានការ គឺមាន​ចំនួន ៧.២៣៦.២៤៤​សន្លឹក ហើយ​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន ១៤៦.២០៥​សន្លឹក ស្មើនឹង ១.៩​ភាគរយ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​។​
​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​គណបក្សនយោបាយ​ចំនួន ១៧​ចូលរួម​ប្រ​កូត​ប្រជែង​៕ (ប្រភពAMS)