ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ដោយ​ផ្អែកលើ​ទស្សនវិស័យ​ចម្បងៗ និង និង​ការប្រើប្រាស់​ទិន្នន័យ ក៏ដូចជា​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នូវ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ស្រប​ពេលដែល​វិស័យ​មួយ​នេះ ក្លាយជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​វិស័យសេដ្ឋកិច្ច ដូច្នេះហើយ​ទើប​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​រៀបចំ ប្រកាស ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ «​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅដ្ឋាន​» ដែលជា​សូចនាករ​មួយ​ដ៏​សំខាន់​ក្នុងការ​តាមដាន​ការវិវត្ត​នៃ​វិស័យ​អចលនទ្រព្យ និង​លំនៅដ្ឋាន​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា​នេះ​លោក ស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក វិទ្យាស្ថាន​ជាតិ​ស្ថិតិ មានប្រសាសន៍ថា ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅដ្ឋាន ដែល​ផ្សព្វផ្សាយ​នាពេលនេះ នឹង​ជា​សូចនាករ​មួយ​ដ៏​សំខាន់​ក្នុងការ​តាមដាន​ការវិវត្ត​នៃ​វិស័យ​អចលនទ្រព្យ និង លំនៅដ្ឋាន​ដែល​កំពុង​រីកចម្រើន​ខ្លាំង​ក្នុងពេល ២ ទសវត្ស​កន្លងមកនេះ​។​

​លោកស្រី​បាន​បន្តថា វិស័យ​អចលនទ្រព្យ និង​លំនៅដ្ឋាន​នេះ គឺជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​ធំៗ​សំខាន់​បួន​រួមមាន វិស័យ ទេសចរណ៍ កម្មន្តសាល់​កាត់ដេរ សំណង់ និង​កសិកម្ម ដែល​បាន​ជម្រុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ២ ទសវត្ស​កន្លងមកនេះ ហើយក៏​បាន​ជួយ​ជំរុញឱ្យមាន​កំណើន​ក្នុង​វិស័យ​ពាក់​ព​ន្ធ័​រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ ធនា​រ៉ាប់រង សំណង់ លក់ដុំ​លក់រាយ ដឹក​ជ​ញ្ចូ​ន …​។​ល​។​

​លោកស្រី​បាន​បន្តទៀតថា ដូចនេះ​ការតាមដាន និង​ត្រួតពិនិត្យ​ទាន់ពេល នឹង​ជួយ​បង្ការ​ហានិភ័យ​ផ្សេងៗ រួមទាំង​វិធានការ​ទប់ទល់​មាន​ប្រសិទ្ធភាព នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រឹងមាំ ជៀសផុត​វិបត្តិ​សេដ្ឋកិច្ច​ទាំងឡាយ​ដែល​អាច​កើត ឡើង​ចេញពី​វិបត្តិ​នៃ​វិស័យ អចលនទ្រព្យ​នេះ ដូច​ប្រទេស​មួយចំនួន​ធ្លាប់​ជួបប្រទះ​ក្នុង​អតីតកាល​។

​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ ថា ប្រទេស​អភិ​វិ​ឌ្ឍ​ន៍​និង​អង្គការ​ហិរញ្ញវត្ថុ​ចម្បងៗ​លើ​ពិភពលោក ពិសេស IMF បាន​ស្វះ​ស្វែងរក​វិធីសាស្ត្រ​តាមដាន និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​វិស័យនេះ​ឱ្យបាន​ដិតដល់ ដើម្បី​ប្រើប្រាស់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​គោលនយោបាយ​បញ្ចៀស​ពី​ការកើតឡើង​វិបត្តិ​ធ្ងន់ធ្ងរ​ណាមួយ​។ ដោយ​មើលឃើញ​ពី​សារៈសំខាន់ នៃ​ការប្រមូល​និង​ចងក្រង​ទិន្នន័យ នៃ​វិស័យ​ផ្ទះសម្បែង​សម្រាប់​បម្រើ​ដល់​ការសិក្សា ការវិភាគ​ការតាមដាន​និង​ការវាយតម្លៃ​វឌ្ឍនភាព​និង​ហានិភ័យ​ដែល​អាច​កើតឡើង​ពី​វិស័យនេះ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្វះ​ស្វែងរក​ការចែករំលែក​បទពិសោធ​ន៍​ពី​ធនាគារកណ្តាល​ក្នុង​តំបន់ និង​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ស្ថាប័ន​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០១៩ IMF បានសម្រេច​ផ្តល់ជំនួយ​បច្ចេកទេស​មកកាន់​ធនាគារជាតិ នៃ​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​កម្មវិធី​ជំនួយ​បច្ចេកទេស «​មូលនិធិ​ទិន្នន័យ​សម្រាប់​ការសម្រេចចិត្ត​» ម្បី​ចាប់ផ្តើម​រៀបចំ​ប្រមូល​ទិន្នន័យ​និង​ចងក្រង​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន​។​

​លោកស្រី​បញ្ជាក់ថា​«​ក្រោម​ជំនួយ​បេសកម្ម​ជំនួយ​បច្ចេកទេស​ជា​បន្ត​បន្ទាប់ពី IMF ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុវត្ត​អនុសាសន៍ និង​សម្រេចបាន​ជំហាន​សំខាន់ៗ មុន​ឈានដល់​ការទទួលបាន​លទ្ធផល​នៅពេលនេះ​។ សកម្មភាព​សំខាន់ៗ​ក្នុង​ដំណើរការ​ចងក្រង​ស្ថិតិ​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន​រាប់បញ្ចូល​៖ ១)-​ការវាយតម្លៃ​ប្រភព​ទិន្នន័យ​ដើម្បី​ជ្រើសរើស​ប្រភព​ទិន្នន័យ​មួយ​ដែលមាន​និរន្តរភាព វិសាលភាព​អាច​ទទួលយកបាន ទិន្នន័យ​ទាន់ពេលវេលា​និង​មានគុណ​ភាពសមស្រប​, ២)-​ការរៀបចំ​តារាង​ទិន្នន័យ​ដើម្បី​ប្រមូល​ទិន្នន័យ​និង​ព័ត៌មាន​ចាំបាច់​ឆ្លើយតប​នឹង​តម្រូវការ​ចងក្រង​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន​, ៣)-​កា​រៀបចំ​ឯកសារ​ណែនាំ និង​សេចក្តីពន្យល់​សម្រាប់​អ្នករាយការណ៍ ដើម្បី​ពង្រឹងគុណភាព​និង​កាត់បន្ថយ​កំហុសឆ្គង​លើ​របាយការណ៍​, ៤)-​ការវាយតម្លៃ​ទិន្នន័យ​ដើម្បី​ផ្តល់​ជា​មតិយោបល់​ដល់​អ្នករាយការណ៍​ពី​វិធីសាស្ត្រ​តាមដាន និង​វាយតម្លៃ​គុណភាព​របាយការណ៍​, ៥)-​ការជ្រើសរើស​និង​ធ្វើតេស្ត​វិធីសាស្ត្រ​ចងក្រង ដើម្បី​ធានា​ពី​គុណភាព​និង​ការទទួល​យកបាន​នូវ​លទ្ធផល​ដែល​ទទួលបាន និង​៦)-​ការវិភាគ​លទ្ធផល​និង​ការរៀបចំ​ទិន្នន័យ និង​សូចនាករ​បន្ទាប់បន្សំ​បន្ថែមទៀត​»៕​