​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​ព្រមាន​លោកខាងលិច​ថា បើ​នៅ​តែ​បន្ត​ផ្គត់ផ្គង់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​អោយដល់​អ៊ុយ​ក្រែន​នោះ រុស្ស៊ី​នឹង​ឆ្លើយតប​ជាមួយ​នឹង​ការវាយប្រហា​រលើ​​តំបន់​ធំ​ឡើង​នៅ​អ៊ុ​យក្រែន​។​

​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ លោក​រដ្ឋមន្ត្រី សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយថា «​សព្វាវុធ​ចម្ងាយ​កាន់តែ​ឆ្ងាយ​ដែល​អ្នក​ផ្តល់​អោយ​អ៊ុយ​ក្រែន​ពេលណា ការ​វាយ​រុញច្រាន​ការ​គំរាម​របស់​ពួក​ណា​ស៊ី​ថ្មី​លើ​សហព័ន្ធរុស្ស៊ី​នឹង​កាន់តែ​​ខ្លាំងក្លា​ឡើង​នៅពេលនោះ​»​។​

​កាលពី​ថ្ងៃអាទិត្យ នៅពេល​ត្រូវ​បាន​សួរថា​តើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ទេ​បើ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ដូរ​គំនិត​ហើយ​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា «​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​ធ្វើការ​សន្និដ្ឋាន​សមស្រប ហើយ​នឹង​ប្រើ​មធ្យោបាន​វាយប្រហារដ៏​សំបូរបែប​របស់​យើង​ដើម្បី​កំទេច​ទីតាំង​ដែល​យើង​មិនទាន់​បាន​វាយប្រហារ​នៅឡើយ​»​។​

​សូមបញ្ជាក់​ថា​ ​អាម៉េរិក​និង​អង់គ្លេស​បាន​ប្រកាស​ថា​ពួកគេ​នឹង​ផ្តល់អោយ​អ៊ុយ​ក្រែ​ននូ​ប្រព័ន្ធ​បាញ់​កាំជ្រួច​ម្តង​ច្រើន​គ្រាប់​ដ៏​ទំនើប​ដែល​អាច​វាយប្រហារ​គោល​ដៅ​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​។​ប្រព័ន្ធ​សព្វាវុធ​នេះ​អាច​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ដែល​អាច​វាយ​គោលដៅ​ចម្ងាយ​៣០០​គីឡូម៉ែត្រ តែ​អាម៉េរិក​បាន​និយាយថា​ខ្លួន​មិន​ផ្តល់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ទេ​។​

​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ក្នុង​កិច្ចសម្របសម្រួល​ជាមួយ​អាម៉េរិក ខ្លួន​នឹង​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​ប្រព័ន្ធ​កាំជ្រួ​ចបាញ់​ចេញ​ច្រើន​គ្រាប់ ដែល​អាច​វាយប្រហារ​គោល​ដៅ​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​​ជា​ផ្នែក​នៃ​ជំនួយ​យោធា​អង់គ្លេស​សំរាប់​អ៊ុ​យក្រែន​។​ស្របពេល​ជាមួយ​គ្នា​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយ​ថា​អង់គ្លេស​បាន​និង​កំពុង​ផ្តល់​សព្វាវុធ​ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ទល់​​នឹង​រុស្ស៊ី និង​បាន​អរគុណ​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន ចំពោះ​ការ​យល់​អំពី​តំរូវការ​នេះ​។​

​ការប្រកាស​ផ្តល់​សព្វាវុធ​យុទ្ធសាស្ត្រ​នេះ​កើតឡើង​ចំពេល​មាន​សេចក្តីរាយការណ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​កំពុង​ប្រយុទ្ធ​គ្នា​ពី​វិថី​មួយ​ទៅ​វិថី​ក្នុង​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ ក្នុង​សមរភូមិ​តំបន់​ដុន​បាស​៕

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ព្រមាន​វាយប្រហារ​លើ​តំបន់​ដែល​រុស្ស៊ី​នៅ​មិនទាន់​វាយប្រហារ បើ​លោក​ខាងលិច​ផ្តល់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុ​យក្រែន​