​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​ល មី​សែ​ល (Charles Michel)​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ប្រើប្រាស់​ការផ្គត់ផ្គង់​ស្បៀង​អាហារ​ជា “​កាំជ្រួច​បំបាំងកាយ​ប្រឆាំង​នឹង​ប្រទេស​កំពុងអភិវឌ្ឍន៍​” ហើយ​បាន​ស្តីបន្ទោស​វិមាន​ក្រឹម​ឡាំង​ចំពោះ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ដែល​កំពុង​កើនឡើង​ជា​ហេតុ​ជំរុញ​ឱ្យ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​​សហប្រជាជាតិ​ដើរចេញ​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។​

​លោក​មី​សែ​ល​បាន​និយាយ​ទៅកាន់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក​វ៉ាស​ស៊ី​លី ណេ​បិ​ន​ហ្សា (Vassily Nebenzia) ដោយ​ផ្ទាល់​នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដោយ​និយាយថា​គាត់​បានឃើញ​គ្រា​ប់ធ​ញ្ញ​​ជាតិ​និង​ស្រូវ​សាលី​រាប់លាន​តោន​ជាប់គាំង​នៅក្នុង​កុងតឺន័រ​និង​កប៉ាល់​នៅឯ​កំពង់ផែ​អូ​ដេស​សា (Odessa) របស់​អ៊ុយ​ក្រែន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​

​លោក​បាន​និយាយថា នោះ​គឺជា “​ដោយសារ​តែ​នាវាចម្បាំង​រុស្ស៊ី​នៅក្នុង​សមុទ្រ​ខ្មៅ​” និង​ការវាយប្រហារ​របស់​ទីក្រុង​មូ​ស្គូលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​កន្លែង​ស្តុក​គ្រាប់​ធញ្ញជាតិ ព្រមទាំង​រថក្រោះ គ្រាប់បែក និង​មីន ដែល​បាន​រារាំង​អ៊ុយ​ក្រែន​ពី​ការដាំដុះ​និង​ការប្រមូល​ផល​។​

​លោក​មី​សែ​ល​បាន​និយាយថា “​នេះ​កំពុង​រុញ​ឱ្យ​តម្លៃ​ស្បៀង​កើនឡើង រុញ​ឱ្យ​មនុស្ស​ធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ និង​ធ្វើឱ្យ​តំបន់​ទាំងមូល​មាន​អស្ថិរភាព​។​រុស្ស៊ី​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​វិបត្តិ​ស្បៀង​​អាហារ​ដែល​កំពុង​កើនឡើង​នេះ​។ គឺ​រុស្ស៊ី​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​”​។​

​លោក​មី​សែ​ល​ក៏បាន​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ថា​លួច​គ្រាប់​ធញ្ញជាតិ​ពី​តំបន់​ដែល​ខ្លួន​បាន​កាន់កាប់​នៅ​អ៊ុយ​ក្រែន​ផងដែរ​។​

​លោក​ណេ​បិ​ន​ហ្សា​បាន​ដើរចេញ​ក្នុងអំឡុង​ការ​ថ្លែង​របស់​លោក​មី​សែ​ល ដោយ​ផ្តល់​កៅអី​របស់​រុស្ស៊ី​ដល់​អ្នកការទូត​ម្នាក់ទៀត​៕

ស្ត្រី​ម្នាក់​ដើរកាត់​បាវស្រូវ​សាលី​នៅ​ផ្សារ​ហា​ម៉ា​វេន​ក្នុង​រដ្ឋធានី​ម៉ូ​ហ្គាឌី​ស៊ូ​របស់​សូ​ម៉ាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ឧសភា​ឆ្នាំ​២០២២