ដោយៈ​ប​.​ខុន​/​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៧​ខែមិថុនា​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២២​។​ការ​ព្យាករ​នេះ​បង្ហាញថា​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​នៅលើ​ភាគ​ខាងជើង​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​ជាមួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

ទិដ្ឋភាពភ្លៀងកាលពីថ្ងៃទី៦ខែមិថុនានៅខេត្តក្រចេះ(រូបថត ក្រសួងធនធានទឹក)

នៅក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤​ទៅ​២៦​អ​អ្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។

​រាជធានី​និង​បណ្តា​ខេត្ត​នានា​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​ក្នុងនោះ​ក៏​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ​នៅ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​វាលទំនាប​ភាគ​កណ្តាល​និង​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕​សរន​