​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាករ គីម សារឿន ហៅ គី​ក កុក ដែលមាន​វ័យ​ដល់​ទៅ ៥៣ ឆ្នាំ បាន​បំបែក​កំណត់ត្រា ឡើង​ភ្នំ​ឱ​រ៉ា​ល់ លឿន​បំផុត​របស់​ជនជាតិ​អាមេរិក ដោយ​ប្រើពេល ២​ម៉ោង ២៦​នាទី និង​៣៦​វិនាទី របស់​បុរស​ជនជាតិ​អាមេរិក​។​

​ក្នុង​ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​កីឡាករ ៣​រូប​ទៀត គឺ​លោក ឃី សុភា អាយុ ៤៧ ឆ្នាំ – លោក កាន់ គ​ន្ធី អាយុ ៤៣ ឆ្នាំ និង មិត្តភក្ដិ​ជនជាតិ​ជប៉ុន លោក Hiroshi Ake អាយុ ៥២ ឆ្នាំ រួមទាំង​សមាជិក​ក្រុម​អ្នករត់ ខេ​ខេ (KK Running Club ដែល​ហៅ​កាត់​ថា KKRC) សុទ្ធ​តែមាន បទពិសោធន៍​ឡើង​ភ្នំ ក្រោម​គំនិត​ផ្តួចផ្តើម ពី​លោក Jacob Sims និង​មិត្តភក្តិ​ជនជាតិ​អូស្ត្រាលី លោក Julien Brewster​។​

​ការឡើង​ភ្នំ​ឱ​រ៉ា​ល់ បំបែក​កំណត់ត្រា​នេះ គឺ​ចាប់ផ្តើម​ចេញដំណើរ ពី​ថ្មដា​រៀម នា​ម៉ោង ៥​និង​៣១​នាទី​ព្រឹក នៅ​ចំពោះមុខ​ប្រធាន​សហគមន៍​។ ជា​លទ្ធផល ទី​១.​លោក គីម កុក បាន​ឡើង ទៅដល់ កំពូលភ្នំ​ឱ​រ៉ា​ល់ នៅ​ម៉ោង ៧​និង​៥៧​នាទី​ព្រឹក ថ្ងៃទី​៤ មិថុនា ក្នុង​ថេរវេលា ០២​ម៉ោង ២៦​នាទី ០៨​វិនាទី ដែល​នេះ ជា​កំណត់ត្រា​ថ្មី លឿន​បំផុត​។ ទី​២.​លោក កាន់ គ​ន្ធី ប្រើ​ថេរវេលា ០២​ម៉ោង ៣៨​នាទី ៤៤​វិនាទី , ទី​៣. លោក Hiroshi Ake ០២​ម៉ោង ៣៩​នាទី ០៦​វិនាទី និង​ទី​៤. លោក ឃី សុភា ០៣​ម៉ោង ០១​នាទី ១៩​វិនាទី ដែល​សុទ្ធសឹង​ជា​កំណត់ត្រា​ផ្ទាល់ខ្លួន របស់​ពួកគាត់​។​

​ព្រឹត្តិការណ៍​ឡើង​ភ្នំ​នេះ ត្រូវបាន​ធ្វើឡើង នៅ​ចំពោះមុខ​សាក្សី ពី​ការ​បំបែក​កំណត់ត្រា គឺ​លោក ឆឺ​ន ឈី​ម ប្រធាន​សហគមន៍​ស្រែ ដែល​ឈរជើង​ចំណុច​ចាប់ផ្តើម ជាមួយ​លោក ស សំបូរ ដែល​ឡើង​ភ្នំ​មុន ធ្វើជា​សាក្សី​បញ្ជាក់​ម៉ោង ដល់​កំពូលភ្នំ​ឱ​រ៉ា​ល់ និង​ជា​អ្នក​ជួយ​រៀបចំ​ទម្លាក់​ទឹក តាមផ្លូវ​សំខាន់ៗ​ផងដែរ​។​

​គួរ​បញ្ជាក់ថា អត្ត​ព​លិ​ក និង​អ្នកដើរ​ភ្នំ​ជាច្រើន ក៏​អាច​បំបែក​កំណត់ត្រា ខាងលើ គ្រាន់តែ​កន្លងមក មិនទាន់មាន​ការប្រកួត​ផ្លូវការ ដើម្បី​បង្កលក្ខណ​:​ឱ្យ​ពួកគេ បាន​បញ្ចេញ​សមត្ថភាព ។ អ្នករត់​កម្ពុជា​ទាំង ៣ រូប នឹង​ផ្តួចផ្ដើម​គំនិត​រៀបចំ​ជា​ព្រឹត្តិការណ៍​កីឡា​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ជា​ផ្លូវការ នៅ​លើកដំបូង នាពេល​ឆាប់ៗ ខាងមុខនេះ ក្នុង​គោល ដៅ​បំផុស ឱ្យមាន​ការឡើង​ភ្នំ ជា​លក្ខណៈ​ទេសចរណ៍ ដើម្បី​រួមចំណែក​ជំរុញ និង​លើកស្ទួយ​អេកូ​ទេសចរណ៍ ជាពិសេស​ជួយ​លើកកម្ពស់ ជីវភាព​សហគមន៍ និង​ការអភិរក្ស​ធនធានធម្មជាតិ តំបន់​ឱ​រ៉ា​ល់​ផងដែរ​។​

​អ្នក​ឡើង​ភ្នំ​កម្ពុជា ៣ រូប​ខាងលើ ជឿជាក់ ថា ព្រឹត្តិការណ៍​នេះ​នឹង​អាច​ទាក់ទាញ​កូន​ខ្មែរ និង​ទេសចរ​បរទេស ដែល​ស្រឡាញ់​ចូលចិត្ត​ការឡើង​ភ្នំ និង​ធម្មជាតិ​ព្រៃភ្នំ ចូលរួម​ជាក់​ជា មិន​ខាន ពីព្រោះ​ភ្នំ​ឱ​រ៉ា​ល់ មាន​លក្ខណៈ ពិសេស ជា​ភ្នំ​ខ្ពស់ជាង នៅ​កម្ពុជា ស្ថានភាព​ផ្លូវ​ចោត ឡើង ស្ទើរតែ​ទាំងស្រុង ពីក្រោម​ដល់​កំពូល និង​មាន​ឧបសគ្គ​ច្រើន​។​

​សូមបញ្ជាក់ថា ការឡើង​ភ្នំ​ឱ​រ៉ា​ល់ បំបែក​កំណត់ត្រា​នេះ ជា​គំនិត​ផ្ដួចផ្ដើម​របស់លោក Jacob Sims និង​លោក Julien Brewster ៕/V​