ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​៧ មិថុនា នេះ ក្រុមកីឡា​ការិនី​ហុក​គី​កម្ពុជា​
​នឹង​ជួប​ប្រកួត​ជាមួយ ក្រុមកីឡា​ការិនី នៃ​ប្រទេស​ស្រីលង្កា ក្នុង​ព្រឹត្តិការណ៍ Women’s Asian Games Games Qualifier 2022 នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ។​

​អគ្គលេខាធិការ កីឡា​ហុក​គី​កម្ពុជា លោក កាំ​ង សុធា បាន​ប្រាប់​ពី​ទីក្រុង​ហ្សា​ការ​តា មក​ថាៈ ការហ្វឹកហាត់​ត្រៀម នៅមុន​ថ្ងៃ​ប្រកួត រួមទាំង​ការហូបចុក ស្នាក់នៅ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ មាន​លក្ខណៈ​ល្អប្រសើរ ហើយក៏​មិនមាន​បញ្ហា​សុខភាព​អ្វី​ឡើយ​។ សិទ្ធ​ផល​របស់​ក្រុម​នារី ហុក​គី​កម្ពុជា រក្សា​បានល្អ ដូច​នៅក្នុង​អំឡុងពេល​ហ្វឹកហាត់ នៅ​កម្ពុជា​ដែរ ហើយ​ក្រុម​នារី​កម្ពុជា មាន​សាមគ្គី​ភាពល្អ ស្មារតី​ក្រុម និង​ឆន្ទៈ​ក្នុងការ​ប្រកួត ក៏​ល្អ​ដូចគ្នា​ផងដែរ​។ កីឡាការិនី​ទាំងអស់ បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ថា នឹង​ប្រឹងប្រែង​ប្រកួត ឲ្យ​អស់ពី​សមត្ថភាព បើ​ចាញ់ៗ ឲ្យ​អស់ពី​លទ្ធភាព បើ​ឈ្នះ គឺ​ឈ្នះ​ប្រកបដោយ​ភាពថ្លៃថ្នូរ និង​យុត្តិធម៌​។​

​នៅក្នុងពេល​ហ្វឹកហាត់​នេះ ក្រុម​នារី​កម្ពុជា ក៏បាន​សាកល្បង​ប្រកួត​បច្ចេកទេស ជាមួយ​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដែល​ក្រុម​កម្ពុជា នឹងត្រូវ​ប៉ះ​ជាមួយ​ឥណ្ឌូណេស៊ី នា​ការប្រកួត​ចុងក្រោយបង្អស់ នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។​

​នេះ​ជាការ​ប្រកួត​ជម្រុះ​កីឡា​អាស៊ី ដែលមាន​ការចូលរួម​ពី ៧ ប្រទេស លើ​វិញ្ញាសា​ហុក​គី ទីវាល ផ្នែក​នារី ដោយមាន​ក្រុម​កម្ពុជា សិង្ហ​បុរី កា​ហ្សា​ក់​ស្ថាន ហុងកុង ស្រីលង្កា អូ​បេ​គី​ស្ថាន និង​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី​។​

​ការប្រកួត​ជម្រុះ​នេះ នឹង​ទម្លាក់ចោល ៣ ក្រុម ហើយ​ជ្រើស​រើសយក​ក្រុម​ជ័យលាភី ចំនួន ៤ ក្រុម ឡើងទៅ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ Asian Games នៅ​ទីក្រុង Hangzhou ប្រទេស​ចិន ដែល​ដើមឡើយ គ្រោង​នឹង​រៀបចំ នា​ខែកក្កដា ឆ្នាំ​២០២២ តែ​ត្រូវ​ពន្យារពេល​ទៅវិញ​។ កាលបរិច្ឆេទ​ថ្មី នៃ​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​។​

​នេះ​ជាការ​ប្រកួត​ជម្រុះ ដ៏​មាន​សារសំខាន់ ក្នុងការ​វាយតម្លៃ​ចំណាត់ថ្នាក់ របស់​ប្រទេស​នានា ប្រចាំ​ទ្វីបអាស៊ី ក្នុង​ឆ្នាំ​២០២២ ផង និង​ជាការ​ស្វែងរក​បេក្ខភាព ឡើងទៅ​ប្រកួត​កីឡា​អាស៊ី​​ទៀតផង​។ ម្យ៉ាងទៀត ការចូលរួម​នេះ​ក៏​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា ដែល​ក្នុងនាម​ជា​សមាជិក ពេញសិទ្ធិ របស់​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី ខណៈ​ប្រយោជន៍​ ដ៏​ធំ​មួយទៀត គឺជា​ការវាស់ស្ទង់ កម្រិត​សមត្ថភាព សិទ្ធ​ផល​របស់​ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា ឈានឆ្ពោះ​ទៅរក​គោលដៅ​ទទួល រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ទៀតផង​៕/V​