​ប្រែ​សម្រួលៈ​បំណង​(ST,VnExpress)៖ រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​និង​អភិបាល​ក្រុង​ហាណូយ ត្រូវ​បាន​បណ្តេញចេញ​ពី​សមាជិក​បក្ស​កុម្មុយនីស្ត​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​​ថា​អ្នក​ទាំង​ពីរ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​ក្នុង​ការទិញ​ឧបករណ៍​តេ​ស្តិ៍​រក​កូ​វីដ​១៩ តំលៃ​១៧២​លាន​ដុល្លារ​។​

​ការដក​សមាជិក​បក្ស​នេះ​កើត​ឡើង​នៅ​ពេល​ប្រទេស​កុំម្មុយនីស្ត​មួយ​នេះ​បង្កើន​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់ពី​មាន​រឿងអាស្រូវ​វៀត អេ​(Viet A)​ដែល​ពួក​មន្ត្រី​ត្រូវបាន​ផ្តល់​សំណូក​ដើម្បី​អាច​​អោយ​ក្រុមហ៊ុន​មួយ​ផ្គត់ផ្គង់​បណ្តា​មន្ទីរពេទ្យ​ជាមួយនឹង​ឧបករណ៍​តេ​ស្តិ៍​រក​កូ​វីដ​១៩ ដែល​មាន​តំលៃ​ខ្ពស់​ជាង​ទីផ្សារ​ខ្លាំង​។​

រដ្ឋ​មន្ត្រី​សុខាភិបាល​លោក ង្វៀន ថាញ់ ឡុង

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក ង្វៀន ថាញ់ ឡុង​(Nguyen Thanh Long) និង​អភិបាល​ក្រុង​ហាណូយ​លោក ជូ ង៉ុក អាញ់ (Chu Ngoc Anh)​ទាំង​ពីរ​នាក់​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ខុស​​ទាក់ទង​នឹង​រឿងអាស្រូវ​ក្រុមហ៊ុន​បច្ចេកវិទ្យា​Viet A Technologies Company នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​។​

អភិបាល​ក្រុង​ហាណូយ​លោក ជូ ង៉ុក អាញ់

​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​កុំម្មុយនីស្ត​វៀតណាម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​បង្ហោះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា «​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​បាន​សំរេចចិត្ត​​បណ្តេញ​លោក​ង្វៀន ថាញ់ ឡុង និង​លោក ជូ ង៉ុក អាញ់​ចេញពីប​ក្ស​»​។​

​ក្រោយ​ចេញពី​បក្ស អ្នក​ទាំង​ពីរ​ឥឡូវ​អាច​ប្រឈម​ការចោទប្រកាន់​ព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​ហាណូយ​កាលពី​ពេល​ថ្មី​បាន​ចាប់​បុគ្គល​សំខាន់ៗ​ខ្លះ រួមមាន​លោក​ផាន គួ​ក វៀត ( Phan Quoc Viet)​អតីត​អគ្គនាយក​ក្រុម​​ហ៊ុន​Viet A​។​បុរស​នេះ​ប្រឈម​ការចោទប្រកាន់​ថាផ្តល់​សំណូក​ដល់​មន្ត្រី​ដើម្បី​លក់​ឧបករណ៍​តេស្តិ៍​កូ​វីដ​ទៅ​អោយ​មន្ទីរពេទ្យ​និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​តាម​ខេត្ត​ក្នុង​តំលៃ​ខ្ពស់ជាង​ថ្លៃ​ផលិត​ខ្លាំង ដោយ​ក្រុមហ៊ុន​រកចំណូលបាន​១៧២​លាន​ដុល្លារ ក្នុងនេះ​៣៤​លាន​ចំណាយ​លើ​ការ​សូក​ប៉ាន់ពួក​មន្ត្រី​។​

​មន្ត្រី​សុខាភិបាល​ខេត្ត​ជាច្រើន ក៏​ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ុន្មាន​ខែ​មក​នេះ​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការអនុម័ត ផលិត​និង​ប្រើ​ឧបករណ៍​តេស្តិ៍​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​Viet A៕

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក ង្វៀន ថាញ់ ឡុង​(​ស្តាំ​) និង​អភិបាល​ក្រុង​ហាណូយ​លោក ជូ ង៉ុក អាញ់​