​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​ស្បៀងអាហារ​ចំនួន​ពីរ​របស់​អង្គការសហប្រជាជាតិ​បាន​ចេញ​ការព្រមាន​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា​អំពី​វិបត្តិ​ស្បៀងអាហារ​កាន់តែខ្លាំង​ឡើង ដែល​កំពុង​កើតឡើង​នៅលើ​ភពផែនដី ដែល​ជំរុញ​ដោយ​បា​តុ​ភូតិ​អាកាសធាតុ​ដូច​ជា​គ្រោះរាំងស្ងួត និង​ជំរុញ​ដោយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវី​ដនិង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ដែល​នាំ​ឱ្យ​តម្លៃ​ប្រេងឥន្ធ​នៈ​​និង​អាហារ​កើនឡើង​ខ្ពស់​។

​ការវាយតម្លៃ​ដ៏​ក្រៀមក្រំ​នេះ​បាន​កើតឡើង​នៅក្នុង​របាយការណ៍​មួយ​ដោយ​ទីភ្នាក់ងារ​ស្បៀងអាហារ​ចំនួន​ពីរ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​រ៉ូម គឺ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)​និង​​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម (FAO) ។​

​នាយក​ប្រតិបត្តិ​អង្គការ WFP លោក ដេវីត ប៊ី​ស្លី (David Beasley)​បាន​និយាយថា ក្រៅពី​ធ្វើឱ្យ​ប៉ះពាល់​ដល់​”​អ្នកក្រ​បំផុត​ក្នុងចំណោម​អ្នកក្រ​”​វិបត្តិ​ស្បៀងអាហារ​សកល​បាន​គំរាមកំហែង​ដល់​គ្រួសារ​​ក្រីក្រ​រាប់​លាន​នាក់​។​

​លោក​ប៊ី​ស្លី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ស្ថានភាព​ឥឡូវនេះ​គឺ​អាក្រក់​ជាង​អំឡុង​បដិវត្តន៍​និទាឃ​រដូវ​នៅ​អារ៉ាប់​ក្នុង​ឆ្នាំ ២០១១ និង​វិបត្តិ​តម្លៃ​ម្ហូបអាហារ​ឆ្នាំ ២០០៧-២០០៨​នៅពេលដែល​​ប្រទេស​ចំនួន ៤៨ ត្រូវបាន​អង្រួន​ដោយ​ភាពចលាចល​នយោបាយ កុបកម្ម​និង​ការតវ៉ា​”​។ គាត់​បាន​លើកឡើង​ថា​វិបត្តិ​ស្បៀងអាហារ​ឥឡូវ​កំពុង​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ា​គី​ស្ថាន ប៉េ​រូ និង​ស្រី​​លង្កា​ផងដែរ​។​

​របាយការណ៍​នេះ​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​មនុស្ស​ធម៌​ជាបន្ទាន់​ដើម្បី​ជួយ “​នៅ​ចំណុចក្តៅ​នៃ​ភាពអត់ឃ្លាន​”​ជា​ទី​ដែល​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ​ត្រូវ​គេ​រំពឹងថា​នឹង​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល​​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងពីរ​ក៏​កំពុង​ព្រមាន​ផងដែរ​ថា សង្គ្រាម​នៅ​អ៊ុ​យក្រែន ដែល​ត្រូវបាន​រុស្សី​ឈ្លានពាន​កាលពី​ខែ​កុម្ភៈ បាន​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​និង​ថាមពល​កើនឡើង​ជា​លំដាប់​នៅ​ទូទាំង​ពិភពលោក​៕

​ជនជាតិ​សូ​ម៉ាលី​ភៀសខ្លួន​ពី​តំបន់​រាំងស្ងួត​មកកាន់​ជំរំ​ជាយក្រុង​ម៉ូ​ហ្គាឌី​ស៊ូ​កាលពី​ថ្ងៃទី​៤​កុម្ភៈ​ឆ្នាំ​២០២២