​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ” ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គាំទ្រ​និង​ទទួលយក​លទ្ធផល នៃ​ការបោះឆ្នោត​នេះ តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ពិតប្រាកដ ” ។ នេះ​ជាការ​បញ្ជាក់​របស់លោក ខឺ​យ ស៊ី​នឿន អនុប្រធាន គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់ គណបក្ស​ខ្មែរ​ប​ស្រឡាញ់​ជាតិ នៅ​ថ្ងៃទី​៧ ខែមិថុនា នេះ បាន​ឲ្យ​ដឹងថាៈ ដំណើរការ​បោះឆ្នោត មានការ​ល្អប្រសើរ ទាំង​មន្ត្រី​រៀបចំ​ការបោះឆ្នោត និង​សកម្មជន​គណបក្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត មាន​ភាពចាស់ទុំ ជាង​អាណត្តិ​មុនៗ​។ ប្រជាពលរដ្ឋ មានការ​យល់ដឹង អំពី​សិទ្ធិ កាតព្វកិច្ច និង​សារៈសំខាន់ នៃ​ការបោះឆ្នោត និង​បាន​ទៅ​ចូលរួម​បោះឆ្នោត ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

​បើតាម​លទ្ធផល​បឋម​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន​សម្លេង​សរុប ចំនួន ៣៣.៣០៥ សម្លេង​។​

​បន្ទាប់ពី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ប​ឋ​ម នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ គឺ​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បានប្រកាស​ទទួលយក​លទ្ធផល មានដូចជាៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ភ្លើងទៀន គណបក្ស​យុវជន​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​ក​កម្ពុ​ជា …​។​

​អ្នកនាំពាក្យ គណ​:​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត លោក សោម សូ​រី​ដា បាន​មាន ប្រសាសន៍​ប្រាប់​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​នេះ​ថាៈ គណបក្សនយោបាយ ចំនួន ៤ ដែល​នាំមុខគេ ក្នុង​ការទទួល​ការគាំទ្រ ពី​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺ​១. គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សម្លេង ៥.៣៣៧.៧៥៤ សម្លេង គិត​ជា​ភាគរយ ស្មើនឹង ៧៤,៣២%​។ ២. គណបក្ស​ភ្លើងទៀន ទទួលបាន​សម្លេង ១.៦១០.៤៣៤ សម្លេង ស្មើនឹង ២២,២៦% ។ ៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សម្លេង ៩១.៧៩៣ សម្លេង ស្មើនឹង ១,២៧% និង​៤.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សម្លេង ៦៣.៩៤៧ សម្លេង ស្មើនឹង ០,៨៨%​។

​លោក សោម សូ​រី​ដា បានបញ្ជាក់​ថាៈ ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត មាន​ចំនួន ៧.៣៨២.៤៤៩ នាក់ ស្មើនឹង ៨០,១៩% នៃ​ចំនួន​អ្នកមាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​សរុប ៩.២០៥.៦៨១ នាក់ ។ ចំណែកឯ​សន្លឹកឆ្នោត​បានការ គឺមាន​ចំនួន ៧.២៣៦.២៤៤ សន្លឹក ហើយ​សន្លឹកឆ្នោត​មិនបានការ គឺមាន​ចំនួន ១៤៦.២០៥ សន្លឹក ស្មើនឹង ១,៩ ភាគរយ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​៕/V​