​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការកាត់ក្តី​រយៈពេល​១១ ថ្ងៃ​របស់លោក សេប ប្លាធឺ (Sepp Blatter)​និង​លោក មី​សែ​ល ប្លាទី​នី (Michel Platini) លើ​ការចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​នៅ FIFA នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​៨​មិថុនា ដែល​ទីបំផុត​នឹង​នាំ​អតីត​មេដឹកនាំ​ពិភព​បាល់ទាត់​ដួលរលំ​ទាំង​ពីរ​រូប​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​។​

​ករណី​ចោទប្រកាន់​ខាងលើ​បាន​បណ្តេញ​លោក​ប្លាធឺ​មុន​កាល​កំណត់​ជា​ប្រធា​ន FIFA​និង​បាន​បញ្ចប់​យុទ្ធនាការ​របស់​លោកប្លា​ទីនី​ដើម្បី​បន្ត​តំណែង​ពី​អតីត​អ្នក​ណែនាំ​របស់​គាត់​។​វា​ក៏​បាន​ដក​លោក​​ប្លាទី​នី​ចេញពី​តំណែង​ប្រធាន UEFA ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​ផង​ដែរ​។​

​ក្នុង​ឆ្នាំ ២០១៥ រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​ប្រទេ​សស្វី​ស​បាន​បង្ហាញ​ការស៊ើបអង្កេ​តរបស់​ពួក​គេ​លើ​ការបង់ប្រាក់​ចំនួន​ពីរ​លាន​ដុល្លារ​ពី FIFA ដល់​លោកប្លា​ទីនី​ពីបួន​ឆ្នាំ​មុន​នោះ​។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់ទោស​នៅ​ទីក្រុង​ប៊ែល​លីន​ហ្សូ​ណា (Bellinzona) របស់​ស្វីស​។​

​ការចោទប្រកាន់​បន្ទាប់​បន្សំ​រួម​មាន​ការ​ក្លែងបន្លំ​វិក្កយបត្រ​នៅក្នុង​ឆ្នាំ ២០១១ ដែល​អនុញ្ញាត​ឱ្យ​លោកប្លា​ទីនី​ផ្តល់​សិទ្ធិ​ឱ្យ FIFA បង់​ប្រាក់​ចំនួន​ពីរលាន​ហ្វ្រង់​ស្វីស (​ប្រហែល​ពីរ​លាន​ដុល្លារ​អាម៉េរិក​) ដែល​លោកប្លា​ទីនី​ស្នើសុំ​។ ការទាមទារ​ប្រាក់​នេះ​គឺ​សម្រាប់​អតីត​កីឡាករ​បាល់ទាត់​បារាំង​ដ៏​អស្ចារ្យ​រូប​នេះ​ទទួលបាន​ប្រាក់​បន្ថែម​សម្រាប់​ការ​ធ្វើ​ជា​ទីប្រឹក្សា ដោយ​មិន​មាន​កិច្ចសន្យា​សម្រាប់​វា នៅក្នុង​អាណត្តិ​ប្រធាន​ដំបូង​របស់​លោកប្លា​ទីនី​ពី​ឆ្នាំ ១៩៩៨-២០០២​។​

​អ្នក​ទាំង​ពីរ​បាន​បដិសេធ​ជា​យូរ​មក​ហើយ​នូវ​កំហុស​ទាំង​នេះ ហើយ​អះអាងថា​ពួកគេ​មាន​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ក្នុង​ឆ្នាំ ១៩៩៨​។ ការនិយាយ​ការពារ​បែប​នេះ​បាន​បរាជ័យ​ជា​លើកដំបូង​ជាមួយ​ចៅក្រម​នៅ​គណៈកម្មាធិការ​ក្រម​សីលធម៌​របស់ FIFA ដែល​បាន​ហាមប្រាម​ពួកគេ​ពី​កីឡាបាល់ទាត់ ហើយ​ក្រោយមក​បរាជ័យ​ជា​ថ្មី​នៅក្នុង​បណ្តឹងឧទ្ធរណ៍​ដាច់​ដោយឡែក​នៅ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា​។​

​ឥឡូវ​នេះ​ករណី​នេះ​បាន​មក​ដល់​តុលាការ​ព្រហ្មទណ្ឌ ដែល​នឹង​ធ្វើ​សវនាការ​រហូតដល់​ម៉ោង​បាយ​ថ្ងៃត្រង់​ជា​រៀងរាល់ថ្ងៃ​ដោយសារតែ​សុខភាព​របស់​លោក​ប្លាធឺ​អាយុ ៨៦ ឆ្នាំ ពោលគឺ ១៨ ខែ​បន្ទាប់​ពី​គាត់​បាន​សន្លប់​បន្ទាប់​ពី​ការវះកាត់​បេះដូង​។​

​លោក​ប្លាធឺ​នឹង​ត្រូវសាក​សួរនៅ​ថ្ងៃ​ពុធ ហើយ​លោកប្លា​ទីនី​នឹងត្រួវ​សាកសួរ​នៅ​មួយ​ថ្ងៃ​ក្រោយមក​។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​រំពឹងថា​នឹង​ផ្តល់​សេចក្តី​ថ្លែងការណ៍​បិទ​នៅ​ថ្ងៃទី ២២ ខែមិថុនា នៅពេល​ដែល​ការកាត់ក្តី​ត្រូវ​បញ្ចប់​។​

​ចៅក្រម​សហព័ន្ធ​ទាំងបី ដែល​នឹង​បើក​សវនាកា​រលើ​សំណុំរឿង​នេះ គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ៨ ខែកក្កដា​។ លោកប្លា​ធឺនិង​លោកប្លា​ទីនី ម្នាក់ៗ​សុទ្ធ​តែ​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ ប៉ុន្តែ​ការកាត់ទោស​ព្យួរ​គឺជា​ជម្រើស​ទំនង​មួយ​៕

​លោកប្លា​ទីនី (​ស្តាំ​) និង​លោក​ប្លាធឺ​នឹង​ឡើង​សវនាការ​នៅ​ថ្ងៃ​ពុធ​ស្អែក​