​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​បុរី និង​បណ្ដុំ​ផ្ទះល្វែង ចំនួន ៣១០ កន្លែង និង​អគារ​ខ្ពស់ៗ ចំនួន ១.៦០៣ អគារ ក្នុងនោះ អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ មាន​ចំនួន ២២៥ អគារ ហើយ​ក្នុង​ឆ្នាំ​២០២១ កន្លងទៅ ទោះបី​មាន ផលប៉ះពាល់​ពី​វិបត្តិ​ជាស​កល បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ក៏​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ទទួលបាន​គម្រោង​សាងសង់​ថ្មីៗ ពី​វិស័យ​ឯកជន រហូតដល់​ទៅ​ចំនួន ១.០៥០ គម្រោង លើ​ផ្ទៃក្រឡា​សំណង់ សរុប​ជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទុនវិនិយោគ ប៉ាន់ស្មាន​ជាង ២,២៦ ពាន់​លាន​ដុល្លា​អាមេរិក បន្ថែមទៀត ធ្វើឱ្យ​រាជធានី​ភ្នំពេញ កាន់​តែមាន​ភាពស្រស់​បំព្រង មិន​ចាញ់​បណ្តា​ទីក្រុង នៃ​ប្រទេស​ក្បែរ​ខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។​

​ការបញ្ជាក់​បែបនេះ​រប​ស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ នេះ ខណៈពេល​លោក បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើកសម្ពោធ​ផ្សារ​ទំនើប ព្រី​នស៍ ថា​ម​ស​ឃែ្វ​រ ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្ដោយ​មហាវិថី ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​ទៀតថាៈ ផ្សារ​ទំនើប ព្រី​នស៍ ថា​ម​ស​ឃែ្វ​រ បាន​ប្រមូលផ្តុំ​នូវ ម្ចាស់​អាជីវកម្ម​ចិន និង​ខ្មែរ​ជាច្រើន និង​ជា​អគារ​ពាណិជ្ជកម្ម​ខ្នាត​ធំ ដែលមាន​មុខងារ​ពេញលេញ នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយក៏​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដំបូងបង្អស់​របស់​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដែល​បាន​បើក​ដំណើរ ជា​សាធារណៈ​។ ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​បណ្តាក់​ទុនវិនិយោគ ក្នុង​ទំហំ​ទឹកប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​វិស័យ​អចលនទ្រព្យ​, ធនាគារ​, ផ្សារ​ទំនើប និង​គម្រោង​អភិវឌ្ឍន៍ មួយចំនួនទៀត ជាពិសេស ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។​

​លោក​បាន​បន្តថាៈ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា នឹង​បន្ត​ងើបឡើង​វិញ នា​បណ្តា​ឆ្នាំ​ខាងមុខ យ៉ាង​ឆាប់រហ័ស ស្របតាម​ការកើនឡើង នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត របស់​វិនិយោគ​គិ​ន ទាំង​ក្នុងស្រុក និង​បរទេស ដែលជា​សក្តានុពល​ដ៏​ធំ សម្រាប់​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជកម្ម សណ្ឋាគារ សំណង់​បុរី អគារ​ស្នាក់នៅ​រួម ខុន​ដូ និង​ផ្សារ​ទំនើប ប្រកបដោយ​ប្រណីតភាព សម្រាប់​បម្រើ​ដល់ ការរស់នៅ​ប្រចាំថ្ងៃ ។​

​ការបើក​សម្ពោធ​ផ្សារ​ទំនើប ព្រី​នស៍ ថា​ម​ស​ឃែ្វ​រ គឺជា​ជម្រើស​អាជីវកម្ម​មួយ ដែល​នឹង​ទទួល បានការ​គាំទ្រ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​ទីក្រុង ស្រប​ពេលដែល ប្រទេសជាតិ​យើង បាន​បើក​ដំណើរការ សកម្មភាព​សេដ្ឋកិច្ច​-​សង្គម ពេញលេញ​ឡើងវិញ លើ​គ្រប់​វិស័យ​។​

​លោក ខ្លី​ហ្វ កុ​ហ្ស (CLIFF KOH) អភិបាល​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បានលើកឡើង​ថាៈ កម្ពុជា​កំពុងបើក​ដំណើការ សកម្មភាព​សេដ្ឋកិច្ច​-​សង្គម ពេញលេញ​ឡើងវិញ លើ​គ្រប់​វិស័យ តាម​គន្លង​ប្រក្រតី​ថ្មី ហើយ​ផ្សារ​ទំនើប​ព្រី​នស៍ ថា​ម​ស​ឃែ្វ​រ ដែល​បាន​បើកសម្ពោធ នៅពេលនេះ នឹង​ក្លាយទៅជា​គោលដៅ ដើរ​ទិញ​ទំនិញ ការកម្សាន្ត និង​ទេសចរណ៍​មួយ ដែល​ទទួលបាន​ការគាំទ្រ ពី​សំណាក់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ហើយ​ក្នុងអំឡុងពេល សាងសង់​គម្រោង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ បានផ្ដល់​ការគាំទ្រ យ៉ាងច្រើន ដែល​ធ្វើឱ្យ​គម្រោង​នេះ អាច​អភិវឌ្ឍន៍ និង​បើក​ដំណើរការ ស្របតាម​ការរំពឹងទុក​។​

​លោក Edward Lee នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ថ្លែង​អំណរ គុណ យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​ការគាំទ្រ​ពី​សំណាក់​ស្ថាប័នរដ្ឋ គ្រប់លំដាប់​ថ្នាក់ ក្នុងពេល​កន្លងមក ក៏ដូចជា ការគាំទ្រ​និង​ការទទួលស្គាល់ យ៉ាង​ពេញទំហឹង ពី​គ្រប់​មជ្ឈដ្ឋាន និង​ពី​សំណាក់ ប្រជាជន​កម្ពុជា ផងដែរ​៕/V​