ដោយៈ​ភ្នំ​សន្ទុក​/​កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​បន្ត​ណែនាំ និង ជំរុញ​ដល់​អភិបាលស្រុក មន្ត្រី​ជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវ​ពង្រឹង​និង អប់រំ ប្រជាពលរដ្ឋ ចូលរួម​សហការ​ឲ្យ​បាន​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេសាទ នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ មិន​ថា​ទ្រង់ទ្រាយ​ធំ ឬ​តូច​ត្រូវធ្វើ​ការទប់ស្កាត់​ដើម្បី​រក្សា​នូវ​ពូជ​មច្ឆា​ជាតិ​ក្នុង​បឹង​ទន្លេសាប​ឲ្យ​បាន​គង់វង្ស​។​

​លោក​អភិបាលខេត្ត​មានប្រសាសន៍​យ៉ាងដូច​នេះ ក្នុងការ​អញ្ជើញ​ចូលរួម​ប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ​។​

​នាឱកាស​នោះ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​រដ្ឋបាល​ស្រុក​ក្រុង​ត្រូវ​យកចិត្តទុកដាក់ គាំទ្រ​រាល់​កាតព្វកិច្ច​សង្គម ដើម្បីឱ្យ​សាខា​កាកបាទក្រហម​ខេត្តកំពង់ធំ មានលទ្ធភាព​បន្ត​បេសកកម្ម​ឱ្យបាន​គ្រប់​ច្រកល្ហក ដើម្បី​រួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​៕​