ដោយ៖ដេប៉ូ/ភ្នំពេញ៖យ៉ាងហោចណាស់សត្វខ្ទីងដែលជាសត្វព្រៃមានតម្លៃជាសកលចំនួន៥ក្បាល ត្រូវបានប្រទះឃើញតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅសហគមន៍វាលកន្សែង ក្នុងខេត្តក្រចេះ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលបានដកស្រង់ចុះផ្សាយពីអង្គការ WWF បានឱ្យដឹងថា ក្រៅពីការឃើញវត្តមានសត្វខ្ទីង សហគមន៍ក៏បានបញ្ជាក់ថាឃើញមានវត្តមាន សត្វទន្សោង ឈ្លូស ជ្រូកព្រៃ និងពពួកពានររស់នៅក្នុងព្រៃសហគមន៍ផងដែរ។ កំណត់ត្រារូបភាពសត្វខ្ទីងនេះ គឺជាកំណត់ត្រាលើកដំបូងដែលត្រូវបានថតជាប់តាមរយៈកាមេរ៉ាស្វ័យប្រវត្តិរបស់សហគមន៍។ 

គួរបញ្ជាក់ថាសត្វខ្ទីង ជាប្រភេទសត្វចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ចំពោះសត្វខ្ទីងញីអាចបង្កើតកូនបាន ១ បន្ទាប់ពីពពោះរយៈពេល ៩ ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន។

ដោយឡែកបើយោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះចំនួនសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥.០០០ ទៅ ៣៥.០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦.០០០ ទៅ ២១.០០០ ក្បាលប៉ុណ្ណោះ៕/PC